មហា​សង្ក្រាន្ត

ឆ្នាំ​ថោះ ត្រីស័ក

ចុល្លសករាជ ១៣៧៣មហា​សករាជ ១៩៣៣

ពុទ្ធ​សករាជ ២៥៥៥គ្រិស្ត​សករាជ ២០១១

សុភមស្តុ ! វរមង្គលាជយាតិរេក ៖

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា​អតិក្កន្តា​កន្លង​ទៅ​ហើយ​បាន ២៥៥៤ ត្រឹម​ថ្ងៃ ១៥​កើត​ខែ​ពិសាខ​លុះ​ដល់​ថ្ងៃ ១ រោច​ខែ​ពិសាខ​ឆ្នាំ​ថោះ​ត្រីស័ក​តទៅ​ចូល​ពុទ្ធ​សករាជ ២៥៥៥ ។

នឹង​គណនា​ឆ្នាំ ថោះ ឥឡូវ​នេះ​សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១ កើត​ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី ១៤ ខែ​មេសា គ.ស ២០១១ វេលា​ម៉ោង ១៣ និង​១២​នាទី ។ ពេល​នោះ​ព្រះអាទិត្យ​ចេញ​ពី​មីនរាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោវិថី​គឺ​ផ្លូវ​កណ្ដាល ទើប​មាន​ទេវ​ធីតា​មួយ​ព្រះ​អង្គ​ជា​មគ្គនាយិកា​ព្រះ​នាម កិរិណី​ទេវី ជា​បុត្រី​ទី ៥​នៃ​កបិល​មហា​ព្រហ្ម​គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរពណ៌ បៃតង លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត ផ្កា​មន្ទារ អភរណ​ទ្រង់​ពាក់ កែវ​មរកត ភក្សាហារ​ទ្រង់​សោយ​ផ្លែ​សណ្ដែកល្ង ព្រះ​ហស្ត​ស្ដាំ​ទ្រង់​កង្វេរ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់ ធ្នូ ទ្រង់​អង្គុយ​ពាក់​ឆៀង​លើ​ខ្នង គុជសារ (សត្វ​ដំរី) ជា​ពាហនៈ ។ ទើប​នាំ​អស់​ទេវ​បុត្រ ទេវ​ធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់ គុហាកែវ ធម្មមាលី នាទីភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត​ជា​ទី​តំបន់​ទុក​នូវ​ព្រះ​សិរសា កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពាន​មាស នាំ​មក​ដង្ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុរាជ​តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ ចំនួន ៦០ នាទី (២៤ ម៉ោង) ។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក អនោតត្ត​មហា​ស្រះ ដែល​មាន ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ដែល​ជា​មាត់​គោ ឧសភរាជ ទាំង​៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះ​រាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវ​បុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល ឲ្យ​ជ្រះ​ស្រឡះ​ហើយ​ចម្រើន​នូវ​សិរី​សួស្ដី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា​និង​មនុស្ស​សត្វ​ផង​ទាំងឡាយ​តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ​បាន​ធូរ​ទូលំ​ទូលាយ សុខ​ក្សេមក្សាន្ត ត​រៀង​ទៅ ។

ថ្ងៃ​ព្រហស្បតិ៍​១១​កើត​ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី ១៤ មេសា គ្រិស្ត​សករាជ ២០១១ វេលា​ម៉ោង ១៣ និង ១២ នាទី ជា​ថ្ងៃ​ចូល​ឆ្នាំ​ថោះ ត្រី​ស័ក ។

ថ្ងៃ​សុក្រ​១២​កើត​ខែ​ចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី ១៥​ខែ​មេសា​គ្រិស្ត​សករាជ ២០១១ ជា​វារៈវនប័ត ។

ថ្ងៃ​សៅរ៍ ១៣ កើត ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី ១៦ ខែ​មេសា​គ្រិស្ត​សករាជ ២០១១ នៅ​វេលា​ម៉ោង ១៥ និង ៣០ នាទី ១២​វិនាទី ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជា​សកល ឆ្នាំ​ថោះ​ត្រី​ស័ក ចុល្លសករាជ ១៣៧៣ និង​មហា​សករាជ ១៩៣៣ ​ត​ទៅ ។

ក្នុង​កាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំង​ឡាយ​រៀបចំ​ពលិការ​គ្រឿង​សក្ការ​បូជា​អុជ​ប្រទីប​ជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវ​បុត្រ ទេវ​ធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះ​បង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ ជា​ចិត្ត​អប្រីយ៍​ជាប់​ដោយ​គំនុំ គុំគួន ព្យាបាទ​ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះ​ស្រឡះ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកប​ដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ​ទាន​តាម​ប្រពៃណី​រក្សា​សីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្ដី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ ។

រណ្ដាប់​ទទួល​ទេវតា

រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស​ឬ​បៃតង ហើយ​រៀប​បាយសី​ ៩ ថ្នាក់​មួយ​គូ បាយ​សី ៧ ថ្នាក់​មួយ​គូ​បាយ​សី​៥​ថ្នាក់​មួយ​គូ​បាយ​សី​៣​ថ្នាក់​មួយ​គូ បាយសី​ប៉ាឆាម​មួយ​គូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយ​គូ (ទៀន​៥ ធូប​៥) លាជ​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន ១គូ ចេកនួន ចេក​ណាំវ៉ា ពីរ​ជើង​ពាន ផ្លែ​ឈើ ១១ មុខ រៀប​ដាក់​ជើង​ពាន ១១ គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំ​នេះ​គួរ​រក សណ្ដែក និង ល្ង ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេវ​ធីតា។

ចំពោះ​បាយសី ៩ ថ្នាក់ ៧ ថ្នាក់ សម្រាប់​នៅ​ព្រះ​បរម​រាជ​វាំង ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម ៥ ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន ៥ ធូប​ប្រាំ ស្លា​ធម៌​កូន​ចេក​មួយ​គូ​ក៏​ល្អ​ដែរ ។ ចំពោះ​ផ្លែ​ឈើ​ប្រជារាស្ត្រ គួរ​រៀប​ឲ្យ​បាន​ត្រឹម ៣ ឬ ៥​មុខ​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន ។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន​និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ។

ទំនាយ​ប្រចាំ​ឆ្នាំ

កេណ្ឌ​ព្រះ​ពិរុណ​សាស្ត្រ ឆ្នាំ​នេះ ភព​ពុធ ជា​អធិបតី នាំ​ផ្លូវ​ទៅ​សុំ​ទឹក​ភ្លៀង ពី​ស្ដេច​នាគ​ហើយ​បាន​នាគ ៣ បង្អុរ​ទឹក​ភ្លៀង ៦០០ មេ ដែល​ចែក​ចេញ​ជា៖

ចក្រវាឡ ២៤០ មេ

ព្រៃ​ហេមពាន្ត ១៨០ មេ

មហា​សមុទ្រ ១២០ មេ

និង​ជម្ពូទ្វីប​មនុស្ស​លោក​យើង​មាន​ចំនួន ៦០ មេ ដើម​ឆ្នាំ​ភ្លៀង​តិច កណ្ដាល​ឆ្នាំ​ភ្លៀង​ល្អ ចុង​ឆ្នាំ​ភ្លៀង​​ឧត្ដម​ល្អ ។

កេណ្ឌធារាទិគុណ ឆ្នាំ​នេះ​មាន​កេណ្ឌ មួយ () តេជោ​ធាតុ​ចុះ​ទំនាយ​ថា និង​មាន​ភ្លើង​កាច​សាហាវ​ជាង​ឆ្នាំ​កន្លង​ទៅ ។

ទឹក​ជំនន់​និង​ទឹក​ទន្លេ ឆ្នាំ​នេះ​ទឹក​ជំនន់​ដោយ​ភ្លៀង​និង​ទឹក​ទន្លេ​មាន​ច្រើន គឺ​មាន​កម្រិត ១០/១៦ គឺ​មាន​សំណល់ (១០) ទឹក​មាន​ជា​មធ្យម ។

កេណ្ឌធញ្ញាហារៈ ឆ្នាំ​នេះ​មាន​កេណ្ឌ () មាន​ឈ្មោះ​ថា​លាភ៖ ទំនាយ​ថា ស្រូវ សំណាប​ស្រែ​ចម្ការ​បាន​ផល ៩ ភាគ ខូច ១ ភាគ ប្រជា​អនុរាស្ត្រ នឹង​មាន​សេចក្ដី​សុខ សួស្ដី ចម្រើន​ជា​ភិយោភាព​ធញ្ញាហារ​មង្សាហារ ផល្លាហារ នឹង​មាន​បរិបូណ៌​ឧត្ដម​ល្អ​ណាស់។

ទំនាយ​ការ​ធ្វើ​ស្រែ

ទំនាយ​កេណ្ឌការ​ធ្វើ​ស្រែ​មាន​សេស (២៦) ព្រម​ទាំង​មាន ទឹក​ភ្លៀង​អំណោយ​ផល នៅ​ដើម​ឆ្នាំ តិច កណ្ដាល​ឆ្នាំ ល្អ ចុង​ឆ្នាំ​ច្រើន ដូច្នេះ​ស្រែ​ដី​ទួល និង​ស្រែ​ទំនាប​បាន​ផល​ដូច​គ្នា​ទាំង​ពីរ​ហើយ​នឹង​គ្រប់​ទី​កន្លែង។

កេណ្ឌ​ព្រឹក្សា

ឆ្នាំ​នេះ​ត្រូវ​ត្រង់​ដើម​អំពៅ ជា​ស្ដេច មាន​ទំនាយ​ថា ក្នុង​ស្រុក​នឹង​មាន​ភ្លៀង​ច្រើន​ទឹក​លិច​ស្រូវ។កេណ្ឌ​ព្រះ​អាទិត្យ

ឆ្នាំ​នេះ​ព្រះ​អាទិត្យ​ធ្វើ​ដំណើរ​ដោយ​ជិះ ដំរី ទំនាយ​ថា៖ ភ្លើង​សាហាវ ស្រុក​នាម​នាគ​ធ្វើ​យុទ្ធ​សង្គ្រាម និង​ស្រុក​នាម​គ្រុឌ និង​នាម​កណ្ដុរ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត

ទំនាយ​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃ​ចូល​ឆ្នាំ​ដែល​ជា​ទី​មួយ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទំនាយ​ថា ឆ្នាំ​នោះ​ព្រះ​រាជា ព្រះ​សង្ឃរាជ គណៈ​ព្រឹទ្ធាចារ្យ​ចាស់​ស្រុក​នឹង​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ខ្លោច​ផ្សា​ចិត្ត​ជា​អនេក។ អ្នក​តូច​តាច​រាស្ត្រ​ប្រជា នឹង​ចាញ់​អ្នក​ធំ នាយ​ចៅហ្វាយ ។

ទំនាយ​ថ្ងៃ​វរៈ ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​សុក្រ ទំនាយ​ថា ឆ្នាំ​នេះ​ម្ទេស​នឹង​មាន​តម្លៃ សត្វ​ត្មាត ក្អែក​ស្លាប់​ដោយ​ជំងឺ​អាសន្នរោគ សត្វ​ព្រៃ​ទាំង​ឡាយ​នឹង​វិនាស អន្តរាយ​ទៅ​ដោយ​ប្រការ​ផ្សេង ៗ រី​ឯ​ស្ត្រី​មេម៉ាយ​នឹង​មាន​លាភ។

ទំនាយ​ថ្ងៃ​ឡើង​ស័ក ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទំនាយ​ថា ឆ្នាំ​នេះ​ពពួក​ទាហាន​ក្លាហាន​ទាំង​ឡាយ​ប្រកប​ដោយ​សេចក្ដី​សុខ​នឹង​មាន​វិជ្ជាការ​ផ្សេងៗ ទោះបី​ធ្វើ​យុទ្ធ​សង្គ្រាម​និង​បច្ចាមិត្ត​រ​គ្រប់​ទិសទី​នឹង​មាន​ជ័យជំនះ​គ្រប់​ពេល​វេលា។ ទឹក​ធំ​តែ​មាន​កើត​ចោរ​ឃ្មួញ​ច្រើន។