លោក​អ្នក​កើត​ឆ្នាំ ជូត

ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់​ដៃ​យើង​ហើយ​ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ត​សារាយ​យ៉ាង​ណា​ក៏​ដោយ ខ្លួន​អ្នក​ត្រូវ​បាន​ជោគជ័យ​គ្រប់​ប្រការ​ហើយ​នឹង​បាន ទទួល​ការ​លើក​តម្កើង​ពី​មនុស្ស​ទូទៅ ប្រសិន​បើ​អ្នក​រៀប​មង្គលការ​ក្នុង​ឆ្នាំ​នេះ​រាប់​ថា​ល្អ​ផ្ដាច់​ហើយ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ពន្ធ​នឹង​ផ្ដល់​សេចក្ដី រំខាន​ដល់​អ្នក​ខ្លះ ៗ ក្នុង​រយៈ​ឆ្នាំ​នេះ ។

លោក​អ្នក​កើត​ឆ្នាំ​ឆ្លូវ

ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​ចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក មិត្ត​ភក្តិ​ជា​ទី​ស្រឡាញ់ ឬ​ញាតិ​សន្ដាន​ដែល​មាន​គុណ​បំណាច់​លើ​រូប​អ្នក​ត្រូវ​និរាស​គ្នា មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង តែ​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ពេក​ទេ​ព្រោះ​មាន​គេ​ចាំ ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ឲ្យ​អ្នក​បាន​សេចក្ដី​សុខសាន្ត បើ​ទុក​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​ខ្លះ ក៏​គង់​នឹង​សាប​រលាប​ទៅ​វិញ​បាន ដោយ​សារ​ពេល​នេះ​អ្នក​មាន​មិត្តភ័ក្ដិ​ បាន​ជួយ​ទប់​ទល់​យ៉ាង​ស្វិតស្វាញ ជួន​កាល​ឆ្នាំ​នេះ​អ្នក​ត្រូវ​រុះ​រើ​ផ្ទះ​សម្បែង ជួស​ជុល​ឬ​ក៏​ត្រូវ​ធ្វើ​ថ្មី​ផង ។

លោក​អ្នក​កើត​ឆ្នាំ​ខាល

ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​អ្នក​មិន​សូវ​រីករាយ​សោះ​ឡើយ មិត្តភ័ក្ដិ​របស់​អ្នក ឬ​មនុស្ស​ធ្វើ​ការ​ជា​មួយ​អ្នក​គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​មក​ដឹក​នាំ​អ្នក​ឲ្យ​ខូច​ខាត​ទុន ក្នុង​រយៈ​ឆ្នាំ​នេះ អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើក​ហាង​លក់​ដូរ​ឥវ៉ាន់​ថ្មី ឬ​ប្រកប​ការ​យ៉ាង​ណា​ក៏​ដោយ អ្នក​កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឲ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់​ខាត ។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ អ្នក​គង់​បាន​សម្រេច ផល​ខ្លះ​ក្នុង​ការ​ដែល​អ្នក​បាន​ខិត​ខំ​តាំង​ចិត្ត​ទុក​យ៉ាង​ប្ដូរ​ផ្ដាច់ ។

លោក​អ្នក​កើត​ឆ្នាំ​ថោះ

ក្នុង​ឆ្នាំ​នេះ​អ្នក​មិន​សូវ​បាន​ស្រួល​បួល​ទេ គឺ​ថា​អ្នក​ត្រូវ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹក​ញយ​ក្នុង​ដំណើរ​ការ​ធម្មតា​របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំង​ចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់​ទល់​នឹង​អធិករណ៍​ឲ្យ​មែន​ទែន​ហើយ​គួរ​តាំង​ចិត្ត​ធ្វើ​ការងារ​ឬ​កិច្ចការ​ណា​ដោយ​សេចក្ដី​ឧស្សាហ៍​និង​ស្វាហាប់ ចុង​បំផុត​អ្នក​ខំ​បំពេញ​ឲ្យ​បាន​អង់អាច​ជានិច្ច ។ បើ​អ្នក​ធ្វើ​យ៉ាង​នេះ​បាន​ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់​បើ​ឡើង​វិញ​ក្នុង​រវាង​ឆ្នាំ​នេះ ។

លោក​អ្នក​កើត​ឆ្នាំ​រោង

ក្នុង​ឆ្នាំ​នេះ នឹង​មាន​ផល​ល្អ​ប្រសើរ​ណាស់​បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ​ផល​ត្រូវ​បាត់​បង់​ទ្រព្យ​របស់​ជា​មុន​សិន ហេតុ​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច ដោយ​ត្រូវ​ចោរកម្ម​វា​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី មាន​នាទី​ទទួល​ខុស​ត្រូវ​ខ្ពស់​ឯ​ជោគ​លាភ​ដែល​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ តែ​ត្រូវ​ខំ​រក្សា​កាយ​ឲ្យ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង ។ ព្រោះ​ជា​ឆ្នាំ​ដែល​ហៅ​ថា «ទុក្ខ​លាភ» បាន​ទុក្ខ​ហើយ​ទើប​មាន​លាភ មក​តាម​ក្រោយ ។

លោក​អ្នក​កើត​ឆ្នាំ​ម្សាញ់

ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​កន្លែង បើ​សិន​ជា​មិន​ដូច្នោះ​ទេ​អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​កន្លែង​ចាស់​ឬ​ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំនៅ​ផង​ក៏​មាន ពុំ​នោះ​សោត​នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជា​ថ្មី បើ​មាន​ការ​លក់​ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព ការ​នេះ​នឹង​បណ្ដាល​ជា​ហេតុ​ឲ្យ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះ ៗ តំណ​ទៅ​ពេល​ខាង​មុខ ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​ស្កៀប​រមាស់​រង្គោះ​រង្គើ​ដល់​ក្រុមហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​មោះ​មិន​គាប់​ឲ្យ​អ្នក​មាន​សេចក្ដី​ហ្មង​មួរ​រឿយ ៗ មួយ​វិញ​ទៀត​ញាតិ​ព័ន្ទ ឬ មិត្តភ័ក្ដិ​នឹង​កើត​ជា​សេចក្ដី​រង្កៀស​ឫស្យា​ដល់​អ្នក ដោយ​បំពាន​លើ​ផល​ល្អ​សេចក្ដី​ចម្រើន​របស់​អ្នក ហេតុ​ការណ៍​ទាំង​អស់​នេះ​អ្នក​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ បើ​យ៉ាង​ហោច​ណាស់​ក៏​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ ។

លោក​អ្នក​កើត​ឆ្នាំ​មមី

ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​លោក​អ្នក​មាន​សេចក្ដី​សុខ​សម្រាន្ត​យ៉ាង​លើស​លុប ហើយ​បាន​គាប់​ចិត្ត​គ្រប់​យ៉ាង មាន​គេ​នាំ​កំណល់​រង្វាន់​មក​ឲ្យ​ដល់​ទី​កន្លែង ក្នុង​ឆ្នាំ​នេះ​ជោគ​រាសី​របស់​អ្នក​ល្អ​ជា​ទី​បំផុត បើ​អ្នក​មាន​បំណង​ធ្វើ​អ្វី​មុខ​ជា​បាន​សម្រេច​ផល​យ៉ាង​មែន​ពិត ។ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្ដេក​ផ្ដួល​នឹង​ការ​ជួយ​ឈឺ​ឆ្អាល​ពី​គេ​ឯ​ទៀត​ខ្លាំង​ពេក នៅ​ក្នុង​រឿង​រាប់​អាន​ស្រឡាញ់​ទុក​ចិត្ត​គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ហើយ​ខំ​ស្ទាប​ស្ទង់​បន្តិច​ផង បើ​សិន​ជា​វៀរ​មិន​ផុត។ បើ​ជៀស​ផុត​ពី​ការ​នេះ​បាន​នោះ​នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្ដី​សុខ​យ៉ាង​ក្រៃលែង ។

លោក​អ្នក​កើត​ឆ្នាំ​មមែ

ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​បាន​មុខ​ការងារ​ធ្វើ​លក្ខណដ្ឋាន បើ​សិន​ជា​រៀប​មង្គល​ការ​ផ្ទាល់​ខ្លួន​មុខ​ជា​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​ជួប​លាភ​ផល​យ៉ាង​បណ្ដា​លន់ តែ​បើ​ទោះ​ទៅ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គង់​នៅ​តែ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​របស់​អ្នក​ជានិច្ច។ នៅ​ក្នុង​រឿង​នេះ​អ្នក​កុំ​គប្បី​ខ្លាច​ឲ្យ​សោះ ព្រោះ​មាន​គេ​រង​ចាំ​ជួយ​ឈឺ​ឆ្អាល​អ្នក​ពេញ​ទំហឹង ខាង​មុខ​នៃ​ការ​ដូច​ពោល​នេះ ចូរ​អ្នក​ប្រយ័ត្ន​មនុស្ស​មាន​ទុក្ខ​ទោស​គ្រប​សង្កត់​ណា​មួយ មក​បញ្ចុះ​បញ្ចូល​បញ្ចោរ​លើក​ជើង​អ្នក​ឲ្យ​ចូល​រួម​ការងារ​ជាមួយ​គេ ទោះបី​ការងារ​នោះ​មាន​សភាព​យ៉ាង​ណា​ក៏​ដោយ សុទ្ធ​តែ​មិន​បរិសុទ្ធ​ទាំង​អស់ ។ ហើយ​មិន​គួរ​លី​សែង​រែក​ពុន​លើក​ដាក់​របស់​ធ្ងន់ ៗ ហួស​ពេក​ទេ ក្រែង​ថ្លោះ​ចង្កេះ​ឬ​គ្រេច​ឆ្អឹង​ខ្នង ។

លោក​អ្នក​កើត​ឆ្នាំ​វក

ក្នុង​ឆ្នាំ​នេះ អ្នក​តោង​កែកុន​ប្រើ​សេចក្ដី​ពិនិត្យ​ពិច័យ​ឲ្យ​ល្អិត​ល្អន់​បន្តិច សូម្បី​តែ​អ្នក​ដែល​ធ្លាប់​រាប់​រក​អ្នក​យ៉ាង​ណា​ឬ​អ្នក​ធ្វើ​ការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់​ការ​បែប​នោះ​ឲ្យ​សោះ ពុំ​នោះ​នឹង​បណ្ដាល​ហេតុ​ពី​ក្នុង​ក្រុម​គ្រួសារ មាន​ភ័យ​ព្រួយ​ឈឺ​ថ្កាត់​ឬ​ក៏​មាន​រឿង​ទំនាស់​ពី​មនុស្ស​បម្រើ​ការ​ក្នុង​លំនៅឋាន ជតា​រាសី​អ្នក​ក្នុង​ឆ្នាំ​នេះ​ពុំ​ប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ ការងារ​ប្រចាំ​ជីវិត​របស់​អ្នក​ឬ​សេចក្ដី​ស្និទ្ធស្នាល​របស់​លោក​អ្នក និង​ផ្ដល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរ​បន្ថយ​ការ​អាប់​បែប​នេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្ដី​ឆ្លៀវឆ្លាត​នឹង​សេចក្ដី​អង់អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស​ចាក​វិបត្តិ​ទាំង​នេះ​ទៅ​ខ្លះ ។

លោក​អ្នក​កើត​ឆ្នាំ​រកា

ក្នុង​ឆ្នាំ​នេះ ការ​រៀប​មង្គល​ការ​របស់​អ្នក បាន​ផល​សម្រេច​បំណង​មែន​ពិត ប្រកប​ទៅ​ដោយ​សេចក្ដី​សុខ ប៉ុន្តែ​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា របស់​អ្នក​បន្តិច​បន្តួច រួច​ពី​ហេតុ​ភេទ​បែប​នេះ​ទៅ​នឹង​បាន​ល្អ​ឡើង​វិញ បើ​អ្នក​ធ្វើ​ការ​ងារ​កាន់​មុខ​តំណែង​មាន​មុខ​នាទី អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មិន​ខាន ការ​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត គឺ​ចោរកម្ម​នឹង​អគ្គីភ័យ​បំផ្លាញ បើ​សិន​ជា​មាន​ជំងឺ​ច្រើន​តែ​ផ្ដាសាយ ។

លោក​អ្នក​កើត​ឆ្នាំ​ច

ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​គ្រោះ​អាសន្ន​អាក្រក់​ណាស់ ដួង​ជតា​ត្រូវ​ខាត​បង់ ឬ​ត្រូវ​មាន​ធុរៈ​ជំងឺ​ឈឺ​ថ្កាត់​ប៉ុន្តែ​អ្នក​ត្រូវ​បាន​មិត្ត​ជិត​ស្និទ្ធ​ជួយ​ឈឺ​ឆ្អាល​យ៉ាង​ពេញ​ទំហឹង ។ បើ​អ្នក​ចង់​ធ្វើ​អ្វី​ត្រូវ​ពិចារណា​មុខ​ក្រោយ​ឲ្យ​ល្អិត​ល្អន់​មែន​ទែន បើ​កាល​ណា​ភ្លាត់​ការ​អ្នក​មុខ​ជា​ត្រូវ​រង​អំពើ​សង្កត់​សង្កិន​យ៉ាង​គួរ​ឲ្យ​ធរមាន​មាន​ចិត្ត ចូរ​កុំ​គប្បី​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង ជា​ត្លុក​កំប្លែង​លលេង​ជា​មួយ​គេ​ញយ ៗ ពេក ចូរ​ខំ​បំពេញ​ខ្លួន​ឲ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មាន​របៀប​និង​សុភាព​រៀបរយ ចូរ​ធ្វើ​សេចក្ដី​ល្អ​តប​ត​ជា​មួយ​សត្រូវ ទើប​គ្រោះ​របស់​អ្នក​នឹង​ត្រូវ​បន្ទោរ​បង់​បន្ធូរ​បន្ថយ​ទៅ​បាន​ខ្លះ ហើយ​ពេល​ក្រោយ​មាន​គេ​ជួយ​ឲ្យ​បាន​ទ្រព្យ នឹង​បាន​ស្ដុក​ស្ដម្ភ ។

លោក​អ្នក​កើត​ឆ្នាំ​កុរ

ក្នុង​ឆ្នាំ​នេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខ​ជា​នឹង​មាន​ដល់ លោក​អ្នក​ហើយ បើ​លោក​​អ្នក​ចង់​ធ្វើ​អ្វី នឹង​បាន​សម្រេច​ជា​ដរាប មិត្តភ័ក្ដិ​ឬ​នាយ​ចៅហ្វាយនាយ​ជា​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀង​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯ​នេះ​ទៅ​និន្ទា​ឲ្យ​អ្នក​ឯនោះ ​ឬ​ដឹង បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុ​ភេទ​បែប​នេះ​ឈ្មោះ​ថា​ខ្លួន​អ្នក​បាន​ដោះ​ស្រាយ​ពី​ការ​បែក​បាក់​រវាង​មេត្រីភាព ។