សង្ខេប​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល

(ដក​ស្រង់​ចេញ​ពី​សៀវភៅ​ព្រះ​រាជពិធី​ទ្វារ​ទសមាស​ភាគ​ទី ២)

មុន​ថ្ងៃ​ច្រត់​ព្រះ​នង្គ័ល ៣ ថ្ងៃ គឺ​ថ្ងៃ ១ រោច ២ រោច ៣ រោច ខែ​ពិសាខ គេ​ឃើញ​ព្រាហ្មណ៍ ៥ នាក់ ធ្វើ​ហោម​ពិធី​បូជា​ទេវតា នៅ​ក្នុង​រោង​ពិធី ៥ អន្លើ​នៅ​ទី​ព្រះ​ស្រែ ។ ដល់​ថ្ងៃ ៤ រោច​ខែ​ពិសាខ ហែ​មន្ត្រី​ច្រត់​ព្រះ​នង្គ័ល​តំណាង​ព្រះ​អង្គ នឹង​ភរិយា​មន្ត្រី​នេះ​ចេញ​ពី​ព្រះ​បរម​រាជវាំងទៅ​កាន់​ទី​ព្រះ​ស្រែ ។

ក្នុង​ពេល​នោះ គោ​ដែល​ទឹម​ច្រត់​ព្រះ​នង្គ័ល ហៅ​ថា​ព្រះ​គោ​ឬ​គោ​ឧសភរាជ មាន​៣ នឹម ត្រៀម​ចាំ​នៅ​មុខ​រោង​ពិធី ។ ពេល​ព្រឹក​ម៉ោង ៧​កន្លះ គេ​ចាប់​ផ្ដើម​ច្រត់​ព្រះ​នង្គ័ល ពី​ទិស​នីរតី (វិល​ស្ដាំ) រៀង​ទៅ​គ្រប់ ៣ ជុំ​ឈប់ គេ​ដោះ​ព្រះ​គោ​ផ្សង​ឲ្យ​បរិភោគ​អាហារ ៧ យ៉ាង​ជា​ការ​ស្រេច​ ។

ព្រះ​រាជ​ហ្ឫទ័យ​ចំពោះ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល

ពិធី​ច្រត់​ព្រះ​នង្គ័ល ជា​រាជ​ប្រវេណី ១ យ៉ាង​របស់​ព្រះ​មហា​ក្សត្រ​ម្ចាស់​ផែនដី​​ខ្មែរ​យើង​តាំង​ពី​បុរាណកាល​មក​, ប៉ុន្តែ​មិន​មែន​ជា​របរ​ចិញ្ចឹម​ជីវិត​របស់​ព្រះ​មហា​ក្សត្រ​ដោយ​ត្រង់​ទេ ព្រោះ​តាម​ទំនៀម​បុរាណ ព្រះ​មហា​ក្សត្រ​​ទ្រង់​តំណែង​ជា​ប្រមុខ​គ្រប់​គ្រង​ប្រទេស ទ្រង់​ជា​ម្ចាស់​ទឹកដី​ទួទៅ​ក្នុង​ព្រះ​រាជាណាចក្រ តែ​ទ្រង់​មិន​បាន​ហួងហែង​ទុក​ទាំង​អស់ ទ្រង់​បាន​អនុញ្ញាត​បើក​អំណាច​ឲ្យ​ប្រជា​រាស្ត្រ​កាប់​គាស់​រាន​ធ្វើ​របរ​កាន់​យក​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដោយ​អន្លើ​ៗ ទៅ សល់​ក្រៅ​អំពី​នោះ ទុក​ជា​របស់​សម្រាប់​ផែនដី ។ កាល​បណ្ដា​រាស្ត្រ​ធ្វើ​របរ​មាន​ស្រូវ​ជា​ដើម បាន​ផល​ប្រយោជន៍​មក​ហើយ តែង​បែង​ផល​ប្រយោជន៍​នោះ​ថ្វាយ​ជា​រាជ​ពលី ហៅ​ជា​ពាក្យ​សាមញ្ញ​ថា ថ្វាយ​សួយសា-​អាករ​ដល់​ស្ដេច។ ព្រះ​មហា​ក្សត្រ​បាន​រាជ​ពលី​ដែល​បណ្ដា​រាស្ត្រ​ថ្វាយ​នេះ​ឯង​ជា​គ្រឿង​ចិញ្ចឹម​ជីវិត ។

កាល​ដល់​រដូវ​ចម្រូត ភ្នាក់ងារ​ពលទេព ក៏​ចេញ​ទៅ​រួបរួម​នឹង​ចៅហ្វាយ​ស្រុក​គ្រប់​ៗ​ស្រុក ធ្វើ​ការ​កត់ត្រា​យក​ពន្ធ​ស្រូវ​ដាក់​ឃ្លាំង​ដូច​មាន​បញ្ញត្ត​ទុក​ក្នុង​ច្បាប់ ក្រម​ចៅហ្វាយ​ស្រុក ថា បើ​រដូវ​នា​​នឹង​យក​ពន្ធ​ស្រូវ ទោះ​អស់​ព្រះ​អង្គ (គឺ​សម្ដេច​ព្រះ​មហា​ឧបយោរាជ សម្ដេច​ព្រះ​មហា​ក្សត្រ​ឧបរាជ សម្ដេច​ព្រះ​រាជ​មាតា) នូវ​ព្រះ​រាជវង្ស​រុងឆ្មារ នូវ​មុខ​មន្ត្រី​សេនាបតី​ធំតូច នូវ​ចម​ទាវ​ខុន​នាង​ផង ទោះ​មហាត​នូវ​​សរ​ពើ​ពល នូវ​រាស្ត្រ​ផង​ទាំង​ពួង ដែល​ធ្វើ​ស្រែ​ក្នុង​ខែត្រ​ខ័ណ្ឌ​​ស្រុក (របស់) ឧកញ៉ា​ជា​ចៅហ្វាយ​ស្រុក​ប៉ុន្មាន​ៗ ឲ្យ​ចៅហ្វាយ​ស្រុក យោក្បាត់ ចៅមឿង ចៅ​បាន (គឺ​មេ​ឃុំ ?) នូវ​ភ្នាក់ងារ​ពលទេព​1 ផង ឲ្យ​សង្វាត​ខ្មីឃ្មាត​រក​យក​ពន្ធ : ១០ ឲ្យ​យក ១ ក្ដី ២០ ឲ្យ​យក ១​ក្ដី ៤០ ឲ្យ​​យក ១ ក្ដី ឲ្យ​រិះ​គិត ឲ្យ​ដិត ពិនិត្យ​ឲ្យ​សព្វ​គ្រប់ ។ល។

(ភ្នាក់ងារ) ពលទេព សម្រាប់​សម្ដេច​​ព្រះ​មហា​ឧបយោរាជ នូវ​សម្ដេច​ព្រះ​មហា​ឧបរាជ នូវ​សម្ដេច​ព្រះ​រាជ​មាតា តែង​យក​ពន្ធ​ស្រូវ​អំពី​កំលោះ ដោយ​ហ្វាក់​ហ្វាយ (គឺ​ដោយ​ចំណែក) នៃ​ព្រះ​អង្គ​ទាំង ៣ នោះ ឲ្យ​ចៅហ្វាយ​ស្រុក​ដណ្ដឹង​​ពន្យល់​មើល​តាក់តែង​លើ​អស់ (ភ្នាក់ងារ) ពល-​ទេព ក្រៅ​អំបាល​នោះ​ឲ្យ​យក​ពន្ធ បើ​បាន​ស្រូវ​ប៉ុន្មាន ឲ្យ​ចៅហ្វាយ​ស្រុក​​ត្រា​ដោយ​នូវ​ភ្នាក់ងារ​ពលទេព​ទីទៃ​ៗ ហើយ​នាំ​តម្រា (សេចក្ដី​ដែល​កត់ត្រា) នោះ​ទៅ​ដល់​ចៅហ្វាយ​ពលទេព ឲ្យ​ក្រាប​ទូល​ហោង

ឯ​ព្រះ​មហា​ក្សត្រ​ទោះបី​ទ្រង់​ចិញ្ចឹម​ជីវិត​ដោយ​សារ​យក​ពន្ធ​ស្រែ​ចម្ការ​អំពី​រាស្ត្រ​ដូច្នោះ​ក៏​នៅ​តែ​ទ្រង់​ប្រកប​ការ​ច្រត់​ព្រះ​នង្គ័ល​ទៀត តែ​ធ្វើ​គ្រាន់​តែ​ជា​បែប​ផែន​ដល់​រាស្ត្រ​ដើម្បី​ឲ្យ​ឃើញ​ថា ព្រះ​មហា​ក្សត្រ​ទ្រង់​យក​ព្រះ​រាជ​ហ្ឫទ័យ​ទុក​ដាក់​ក្នុង​របរ​ចិញ្ចឹម​ជីវិត​របស់​រាស្ត្រ សូម្បី​ព្រះ​អង្គ​ជា​កំពូល​មនុស្ស​ក្នុង​ប្រទេស មាន​ព្រះ​រាជទ្រព្យ​បរិបូណ៌ គ្រប់​យ៉ាង​ហើយ ក៏​នៅ​តែ​ទ្រង់​ខ្វល់ខ្វាយ​ក្នុង​ផ្លូវ​សេដ្ឋកិច្ច ដែល​ជា​គ្រឿង​អំណោយ​សេចក្ដី​សុខ នឹង​សេចក្ដី​ចំរើន​ធនធាន​ដល់​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ, ខ​នេះ​យើង​អាច​នឹង​ក្រឡេក​ឃើញ​ងាយ​ៗ ដូច​យ៉ាង :

ក្នុង​ច្បាប់ ក្រម​ពហុល​ទេព​2 ដែល​ជា​ច្បាប់​ចាស់​ថា មាត្រា​១​មាន​ព្រះ​រាជ​បញ្ញត្តិ​ទុក​ដល់​ឧកញ៉ា ពហុលទេព ក្សេត្រា​ធិបតី នឹង​ចៅ​ក្រសួង​ត្បូង​ងារ​ឲ្យ​ប្រតិបត្តិ​តាម បើ​ដល់​ថ្ងៃ ៣ កើត​ខែ​ពិសាខ ឲ្យ​មាន​ចុតហ្មាយ​ប្រកាស​ប្រាប់​អស់​អាណា​ប្រជារាស្ត្រ ឲ្យ​សព្វ​គ្រប់​ខែត្រ​ភូមិ​លំនៅ​ក្នុង​ព្រះ​រាជ​សីមា​មណ្ឌល​សកល​កម្ពុជា​ធិបតី . . . . ឲ្យ​បាន​ដឹង​គ្នា ឲ្យ​ភ្នាក់ងារ​ក្រុម​ព្រះ​ស្រែ​នូវ​អស់​ប្រជា ប៉ាវគង​​ឃោសនា​ប្រាប់​ប្រាម​ហាម​អស់​អ្នក​ធ្វើ​ស្រែ ឲ្យ​បោះ​នង្គ័ល​រនាស់ ឲ្យ​ធ្វើ​សម្រះ​របង​ឃ្នង ឲ្យ​ចាប់​ចង​គោ​ក្របី​ដំរី​សេះ រក​ទី​វាល​ឃ្វាល​រក្សា​មើល បើ​ស្រែ​ណា​ល្មម​ព្រោះ​បុះ​ដាំ ក៏​ឲ្យ​ព្រោះ​បុះ​ដាំ បើ​ស្រែ​ឯ​ណា​សម​គួរ​សាប​ក៏​ឲ្យ​សាប ឲ្យ​បោះ​របង​ចង​របា​កាំបី ស្រះ​សម្រះ ស្ពាត​ពី​ក្រៅ នៅ​ថែ​ទាំ​ចាំ​រក្សា​ជា​និរន្តរ៍ ដេញ​បរ​ចាប​ព្រាប​សេក​លលក​គោ​ក្របី​ដំរី​សេះ សព្វ​សត្វ​ក្លៀវក្លា​កុំ​ឲ្យ​ចូល​ស៊ី

ខ​នេះ​ស​ឲ្យ​ឃើញ​ទឹក​ព្រះ​រាជ​ហ្ឫទ័យ​ច្បាស់​ថា ទ្រង់​យក​ព្រះ​រាជ​ហ្ឫទ័យ​ទុក​ដាក់​ក្នុង​រឿង​របរ​ស្រែ​ណាស់ ទើប​ទ្រង់​បញ្ញត្ត​ជា​ច្បាប់​ទុក​ដូច្នេះ ។

ក្នុង​ឱកាស​ចូល​ឆ្នាំ​រាល់​ៗ ឆ្នាំ ទ្រង់​ធ្វើ​ពិធី​ទទួល​ទេវតា​ថ្មី មាន​សេចក្ដី​ថ្លែង​សុំ​ឲ្យ​អ្នក​តា ទេវតា​ទាំង​ឡាយ ជួយ​ផ្ដល់​ទឹក​ភ្លៀង ឲ្យ​បរិបូណ៌​ត្រូវ​តាម​រដូវ​កាល ។

ក្នុង​ខាង​ដើម​ខែ​ពិសាខ ត្រាស់​ឲ្យ​ពួក​ព្រាហ្មណ៍​ធ្វើ​ពិធី​បួងសួង​ដល់​អស់​ពពួក​អ្នកតា​នូវ​ទេវតា សុំ​អានុភាព​នៃ​អ្នក​តា​នឹង​ទេវតា​ទាំងឡាយ​​ជួយ​បណ្ដាល​ឲ្យ​មាន​ទឹក​ភ្លៀង​ធ្លាក់​មក ត្រូវ​តាម​រដូវ​កាល ។ មិន​តែ​ប៉ុណ្ណោះ​មាន​កំណត់​ព្រះ​រាជ​ពិធី​ជា​ទំនៀម​ទម្លាប់​ទុក​រៀង​រាប​មក​ថា រាល់​ៗ ឆ្នាំ​កាល​ដល់​ខែ​ពិសាខ​ហើយ​ឧកញ៉ា​មហា​មន្ត្រី ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ត្រូវ​ចេញ​ចុតហ្មាយ​ប្រាប់​ទៅ​ចៅហ្វាយ​ខែត្រ​ស្រុក ឲ្យ​ដឹក​នាំ​រាស្ត្រ​ធ្វើ​ពិធី​បួងសួង​អ្នកតា​គ្រប់​ៗ ដំបន់​ដើម្បី​ឲ្យ​ស្រុក​ទេស​សប្បាយ ប្រាស​ចាក​ជម្ងឺ​ដម្កាត់​ទាំងពួង​នឹង​សុំ​ឲ្យ​​មាន​ភ្លៀង​ល្អ​ធ្លាក់​ត្រូវ​តាម​រដូវ​កាល ។

លុះ​ដល់​រវាង​ពាក់​កណ្ដាល​ខែ​ពិសាខ រាល់​ៗ ឆ្នាំ ត្រាស់​ឲ្យ​ពួក​ព្រាហ្មណ៍​តាំង​ពិធី​ព្រត ៣ ថ្ងៃ ៣ យប់ នៅ​ទី​ព្រះ​ស្រែ​ហ្លួង ដើម្បី​ប្រយោជន៍​ដូច​ពោល​ហើយ ខាង​លើ​នេះ, លុះ​គ្រប់​កំណត់ ៣ ថ្ងៃ ៣ យប់​ហើយ ក្នុង​ថ្ងៃ​ទី​៤ ទ្រង់​ឲ្យ​ធ្វើ​ពិធី​វប្ប​មង្គល គឺ​ច្រត់​ព្រះ​នង្គ័ល ហើយ​សាប​ព្រោះ​ពូជ​បុព្វន្នជាតិ3 នឹង​អបរន្ន​ជាតិ​4 ទាំង​ឡាយ ។

កិច្ច​ការ​ទាំង​នេះ ក៏​ដើម្បី​ជា​មង្គល​ដល់​ការ​ធ្វើ​ស្រែ​របស់​រាស្ត្រ ព្រោះ​ថា​ព្រះ​មហា​ក្សត្រ​ជា​អ្នក​មាន​បុណ្យ​បារមី​ធំ កាល​ទ្រង់​ប្រារព្ធ​ឲ្យ​ធ្វើ​ពិធី​ពលិការ​ដល់​អ្នក​តា​នូវ​ទេវតា​ដូច្នេះ​ហើយ ក៏​នឹង​រំជួល​ដល់​ពពួក​ទេពនិករ​ទាំងឡាយ​មាន​ព្រះ​ឥន្ទ្រាធិរាជ​នឹង​វស្សវលាហក5​ ទេវ​បុត្រ​ជា​ដើម ដែល​ជា​ភ្នាក់ងារ​​ខាង​ទឹក​ភ្លៀង ក៏​នឹង​បណ្ដាល​ដោយ​ឫទ្ធិ៍​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក តាម​ដែល​បួងសួង​សុំ ជា​ហេតុ​ឲ្យ​ធញ្ញជាតិ​នូវ​របរ​ដំណាំ​ទាំង​ពួង​មាន​ផល​បរិបូណ៌ ជា​ផ្លូវ​ចំរើន​សេដ្ឋកិច្ច​ក្នុង​ព្រះ​នគរ ។

ប្រសិន​ជា​មិន​មាន​ភ្លៀង​ធ្លាក់​ត្រូវ​តាម​រដូវ​កាល​នោះ​ទេ ព្រះ​មហា​ក្សត្រ​ក៏​មិន​បាន​ទ្រង់​ព្រ-​ងើយ​កន្តើយ​ឡើយ ទ្រង់​រក​ឧបាយ​បន់ស្រន់​យ៉ាង​ដទៃ​ត​ទៅ​ទៀត ពោល​គឺ​ទ្រង់​ឲ្យ​ធ្វើ​ពិធី​ពរុណ​សាស្ត្រ​បន់​សុំ​ភ្លៀង​ជា​ផ្លូវ​ការ ហើយ​នឹង​ត្រាស់​បង្គាប់​ឲ្យ​ប្រជា​រាស្ត្រ​ក្នុង​ព្រះ​រាជ​អាណាចក្រ​នាំ​គ្នា​ធ្វើ​គ្រប់​ស្រុក​គ្រប់​វត្ត​ទៀត ។

អំពើ​ទាំង​នេះ ជា​គ្រឿង​សំដែង​ឲ្យ​ឃើញ​ទឹក​ព្រះ​រាជ​ហ្ឫទ័យ​របស់​ព្រះ​អង្គ​ថា ដូច​ម្ដេច ប្រសិន​ជា​ការ​ដែល​ទ្រង់​បួងសួង​សុំ​នោះ​សម្រេច ក៏​គួរ​រាប់​ជា​ព្រះ​មហា​ករុណា​ទិគុណ​យ៉ាង​ធំ ប្រសិន​ជា​មិន​សម្រេច ក៏​គប្បី​គិត​ថា នេះ​ជា​ធម្មតា​របស់​លោក ជួន​កាល​សម្រេច ជួន​កាល​ក៏​មិន​សម្រេច​ដូច្នេះ​ឯង តែ​ក៏​គួរ​ទទួល​អំណរ​ព្រះ​ករុណា​ទិគុណ​ជា​ទី​បំផុត ត្រង់​ដែល​ទ្រង់​យក​ព្រះ​រាជ​ហ្ឫទ័យ ទុក​ដាក់​ខ្វល់ខ្វាយ​គ្រប់​ផ្លូវ​មក​ហើយ ។

1តាម​ដែល​គេ​សរសេរ​ជា​ភាសា​ខ្មែរ​ក្នុង​ទី​ដទៃ ឃើញ​សុទ្ធ​តែ​ជា​ពហុលទេព តែ​ក្នុង​ច្បាប់​នេះ​ឃើញ​សរសេរ​ជា ពលទេព គ្រប់​អន្លើ រាប់​ថា​ត្រឹមត្រូវ​តាម​បែប​ដើម ។

2ច្បាប់​នេះ​មាន​នៅ​ពុទ្ធសាសនបណ្ឌិត្យ លេខ ម.​/២ ។

3អាហារ​ដែល​ត្រូវ​បរិភោគ​មុន​បាយ ។

4អាហារ​ដែល​ត្រូវ​បរិភោគ​ក្រោយ​បាយ ។

5វលាហក ជា​ឈ្មោះ​មេឃ, វស្សវលាហក​ទេវ​បុត្រ គឺ​ជា​ទេវ​បុត្រ​បណ្ដាល​មេឃ​ឲ្យ​បង្អុរ​ភ្លៀង, ទេវ​បុត្រ​នេះ​លោក​ថា​ជា​ម្ចាស់​ទឹក​ភ្លៀង មាន​ឈ្មោះ​ហៅ ១ យ៉ាង​ទៀត​ថា​វរុណ ។