មហាសង្រ្កាន្ត

ឆ្នាំម្សាញ់​  បញ្ចស័ក

ចុល្លសករាជ​ ១៣៧៥   មហាសករាជ​ ១៩៣៥

ពុទ្ធសករាជ ២៥៥៧    គ្រឹស្តសករាជ ២០១៣

សុភមស្តុ! វរមង្គលាជយាតិរេក​

            ព្រះពុទ្ធសករាជព្រះសាសនា អតិក្កនា្តកន្លងទៅ​ហើយ​បាន​ ២៥៥៦ ព្រះវស្សា​ត្រឹមថ្ងៃ​ពេញបូណ៌មី​ខែពិសាខ​ លុះ​ដល់​ថ្ងៃ ១រោច ខែពិសាខ​ ​ចូល​ព្រះពុទ្ធសករាជ​ ២៥៥៧ ព្រះវស្សាតទៅ​។

និងគណនា​ឆ្នាំម្សាញ់​ ឥឡូវ​នេះ​ សង្ក្រាន្ត​ចូលមក​នៅ​ថ្ងៃ​អាទិត្យ​ ៤កើត ខែចេត្រ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា​ ឆ្នាំ២០១៣ វេលាម៉ោង​ ២:១២នាទី​ រំលង​អធ្រាត្រ​ នោះ​ព្រះអាទិត្យ​ចរ​ចេញ​ពី​មី​នរាសី ទៅ​ស្ថិត​នៅ​មេសរាសី​ ដើរ​តាម​គោវិថី​ គឺផ្លូវ​កណ្តាល​ ទើប​មាន​ទេព​ធីតាមួយ​ព្រះអង្គ​ជា​មគ្គ​នាយិកា​ព្រះនាម​ ទុង្សាទេវី គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​ក្រហម​ សៀត​ផ្កា​ទទឹម​ គ្រឿង​ប្រដាប់​បទុម​រាគ​ ភក្សា​ហា​រផ្លែឧទុម្ពរ​(ផ្លែ​ល្វា) ព្រះ​ហស្ដ​ស្តាំ​ទ្រង់​កង​​ចក្រ​ ព្រះ​ហស្ដ​ឆ្វេង​ទ្រង់​ស័ង្ខ​ គង់លើ​គ្រុឌ​ជាពាហនៈ នាំអស់ពួកទេព​និករបវរ​កញ្ញា​ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហាកែវ​ឈ្មោះ​ធម្មមាលី​ នាទី​ភ្នំ​កៃ​លាស ខេត្ត​ហិម​ពាន្ត ដែល​ប្រតិស្ឋាន​ទុក​ព្រះសិរសាកបិល​មហា​ព្រហ្ម តម្កល់​លើ​ពាន​មាស​ នាំ​ចេញ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​សុមេរុរាជ​ជុំ​ចក្រវាឡ​ តាម​ផ្លូវ​ព្រះ​អាទិ​ត្យ​ចរ​ជា​គម្រប់​៦០នាទី ហើយ​ដង្ហែ​ចូល​ទៅ​តម្កល់​ទុក​ដូច​ដើម​វិញ​ ទើប​ប្រជុំ​ទេវ​បុត្រ​ទេវ​ធីតា​ទាំង​មួយ​សែន​កោដិ​ ចូល​ទៅស្រង់​ទឹក​អនោតត្ត​មហាស្រះ​ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្មកែវ​ទាំង​៧ ជា​មាត់​គោ​ឧសភរាជ​ ត្រជាក់​ត្រជុំ​ក្សេម​ក្សាន្ត​ព្រះ​ហឫទ័យ​​ ទើប​នាំ​គ្នា​ចូល​ទៅ​សមាទាន​សីល​ ដោយ​ព្រះ​ទ័យ​សោម​នស្ស​រីករាយ​គ្រប់​ៗ​អង្គ​ ក្នុង​ភគវតី​សភា​ដែល​វិសកម្មទេវ​បុត្រ​និមិ្មត​ថ្វាយ​ ហើយ​បន្ទោបង់​នូវ​អពមង្គល ឱ្យ​ជ្រះស្រឡះ​ ចម្រើន​នូវ​សុភមង្គល​ សិរីសួស្តី​ ជន្មាយុ​យឺន​យូរ​តរៀង​ទៅ​។

  • ថ្ងៃ​អាទិត្យ​ ៤កើត​ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​១៤ មេសា​ ឆ្នាំ​២០១៣ ម៉ោង​២:១២នាទី​រំលង​អធ្រាត្រជាថ្ងៃ​ចូល​។
  • ថ្ងៃចន្ទ​​ ៥កើត​ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ ១៥​ មេសា​ ឆ្នាំ២០១៣ ជា​ថ្ងៃ វនប័ត​។
  • ថ្ងៃ​អង្គារ ៦កើត ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​១៦ មេសា ឆ្នាំ​២០១៣ ជាថ្ងៃ​ឡើង​ស័ក​។

គម្រប់សង្ក្រាន្ត​៣ថ្ងៃស្រេច​បរិបូណ៌​ ចូល​ជាសកល​ឆ្នាំ​ម្សាញ់​ត​ទៅ​។

ក្នុងឱកាស​សង្រ្កាន្ត​ទាំង​បី​ថ្ងៃ​នេះ​ សូម​អស់​ជនានុជន​ប្រុសស្រីទាំង​ឡាយ​រៀប​ចំគ្រឿង​សក្ការបូជា​ មានទៀន​ ធូប​ ផ្កាភ្ញី​ថ្វាយ​ព្រះរតនត្រ័យ​ និង​នំ​ចំណី​មាន​ផ្លែឈើ​ជា​ដើម​ជូន​មាតា​បិតា​ អាណាព្យា​បាល​ជា​បុព្វការី​ ព្រម​ទាំង​ទទួល​ស្វា​-គមន៍​ទេវ​តា​ឆ្នាំ​ថ្មី​ ហើយ​ខិត​ខំ​លះ​បង់​នូវ​ចិត្ត​អាក្រក់​ ជាចិត្ត​ប្រកប​ដោយ អភិជ្ឈា​ ព្យាបាទ មិច្ឆាទិដ្ឋិ​ ឱ្យ​ជ្រះ​ស្រឡះ​ ចម្រើន​ឡើង​វិញ​នូវ​ចិត្ត​ប្រកប​ដោយ​បញ្ញា​ និង​ព្រហ្ម​វិហារ​ធម៌​គឺ​ មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា​ ធ្វើ​បុណ្យ​សុន្ទរ៍ទាន​ រក្សាសីល​តាម​ប្រពៃណី​ឱ្យ​បាន​ជាប់​ជា​និច្ច​ នោះ​ទេព្តា​នឹង​ឱ្យ​ពរ​សព្ទសាធុការ​ លោកអ្នក​នឹង​ទទួល​សិរីសួស្តី​ សុភមង្គល​ វិបុលសុខ​គ្រប់​ប្រការ​ ប្រកប​ការ​ងារ​បាន​ត្រជាក់​ត្រជុំ​អាយុយឺនយូរ​តរៀង​ទៅ​។

រណ្តាប់ទទួលទេវតា

រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក មានរានទទួល ទេវតាមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ ។  ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយ​រៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយ​សី៣ថ្នាក់មួយគូ បាយសីប៉ាក់ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ បារីស្លា​ម្លូដាក់​លើជើងពាន១​ ផ្លែ​ឧទុម្ពរ (ផ្លែ​ល្វា) ​និង​ដូង​ឡៅ​មួយ​គូ ។

ទំនាយ​ប្រចាំ​ឆ្នាំ

  • កេណ្ឌពិរុណ​សាស្រ្ត  ឆ្នាំនេះ​ព្រះសុក្រ​ជា​អធិបតី​ មាន​នាគ​មួយ​បង្អុរ​ភ្លៀង​៦០០មេ។ ភ្លៀង​ធ្លាក់​នៅចក្រ​វាឡ​២៤០មេ​, ហិមពាន្ត​ ១៨០មេ, មហាសមុទ្រ​ ១២០​មេ, ជម្ពូទ្វីប​មនុស្ស​លោក​៦០មេ។ ភ្លៀង​ដើម​ឆ្នាំ កណ្តាលឆ្នាំ ចុងឆ្នាំ​ល្អ​ដូច​គ្នា​។
  • កេណ្ឌ​ធារាទិគុណ ឆ្នាំនេះ​អាបោធាតុ​ចុះ​ អាកាសធាតុ​ត្រជាក់​ មាន​ព្យុះ​ ច្រើន​ដង​ ទឹក​តាម​ទន្លេ​ ស្ទឹង​ ច្រើន​បរិបូណ៌។
  • កេណ្ឌធុញ្ញាហារ ឆ្នាំ​នេះ​មាន​កេណ្ឌ​មួយ​​មាន​​ឈ្មោះ​ថា​ លាភៈ ទំនាយ​ទាយ​ថា ស្រូវ​ក្នុង​ស្រែ​បាន​​ផល​៩ភាគ ខូច​​បង់​មួយភាគ​ ស្រែ​ទំនាប​បាន​ផល​ល្អ​ និង​ស្រែ​ទួល​បាន​ផល​មធ្យម​ ផ្លែ​ឈើ​​និង​ដំណាំ​ផ្សេង​ៗ​បាន​ផល​បរិបូណ៌​។​
  • អាសាឡ្ហបូជា នៅ​ថ្ងៃ​១៥​កើត​ ខែអាសាឍ​ ត្រូវ​នឹង​ថ្ងៃ​​ចន្ទ ទី​២២ ខែកក្កដា​ ឆ្នាំ​២០១៣ ថ្ងៃ​កំណើត​សរណគម​ជា​គម្រប់​បី ។​
  • ចូលព្រះវស្សា នៅ​ថ្ងៃ​១រោច ខែអាសាឍ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែកក្កដា​ ឆ្នាំ​២០១៣ ជាវារៈមហា​ធិក​ បាន ឫក​២១ តិថី​១៦ ជាកាល​វស្សានរដូវ​ ត្រូវ​តាម​ប្រ​ពៃ​ណី​ពី​បុរាណ​ព្រេង​នាយ​ហោង​។​
  • ភ្ជុំបិណ្ឌ ថ្ងៃ​១៥រោច​ ខែភទ្របទ​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែតុលា​ ឆ្នាំ២០១៣​។
  • អស្សុជបូជា នៅ​ថ្ងៃ​១៥​កើត​ ខែ​អស្សុជ ត្រូវ​នឹង​ថ្ងៃ​សៅរ៍​ ទី​១៩ ខែ​តុលា​ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចុះ​ពី​សម្ដែង​ព្រះ​អភិធម្ម​ប្រោស​ពុទ្ធ​មាតា។
  • ចេញវស្សាថ្ងៃ​សៅរ៍ ១៥កើតខែអស្សុជ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែតុលា​ ឆ្នាំ​២០១៣​។​
  • កឋិនកាល ចាប់ពី​ថ្ងៃ​១រោច​ ខែអស្សុជ​ រហូត​ដល់​ថ្ងៃ​១៥កើត​ខែ​កត្តិក​ ត្រូវ​នឹង​ថ្ងៃ​២០ ខែ​តុលា​ ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ជាកាល​វេលា​នៃ​កឋិន​ទាន​ (មាន​២៩ថ្ងៃ​)​។​
  • ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប សំពះ​​ព្រះខែ​ និង​ អក​អំបុក ថ្ងៃ​១៤-១៥​កើត​ និង​ ១រោច ខែ​កត្តិក​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦-១៧-១៨ ខែវិច្ឆិកា​ ឆ្នាំ​២០១៣។
  • មាឃ​បូជា ថ្ងៃ​១៥កើត ខែមាឃ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ២០១៣។
  • វិសាខ​បូជា ថ្ងៃ​១៥កើត​ ខែពិសាខ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែឧសភា​ ឆ្នាំ២០១៣។
  • ព្រះរាជ​ពិធីច្រត់​ព្រះនង្គ័ល ថ្ងៃ​៤រោច​ ខែ​ពិសាខ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា​ ឆ្នាំ​២០១៣​។

ដក​ស្រង់​ចេញ​ពី​សៀវភៅ​មហាសង្ក្រាន្ត ដែល​បោះពុម្ព​ដោយ​គណៈកម្មការ​វិជ្ជាហោរាសាស្ត្រ និង​ទំនៀមទម្លាប់​នៃ​ក្រសួង​ធម្មការ​និង​សាសនា