រឿង​លោក​គ្រូ អិកអី និង​កូន​សិស្ស ៣ នាក់

 រឿង

លោក​គ្រូ​អិកអី

អ្នក​និពន្ធ

កវី សុខ – បឿ

រក្សាសិទ្ធ

ការ​ផ្សាយ​របស់

ខេមរ​បណ្ណាគារ

ផ្ទះ​លេខ ៣, វិថី​វាន់វូឡង់​ហូវែន ភ្នំពេញ

.. ២៤៩៦

.. ១៩៥៣

រឿង​លោក​គ្រូ អិកអី

នឹង​កូន​សិស្ស​៣​នាក់​នេះ

សុខបឿ ខ្ញុំ​បាទ​រៀបរៀង​ដោយ​មាន​រឿង​ពី​ព្រេង​នាយ ដែល​បូរាណ​សម័យ​លោក​បាន​និយាយ​ដំណាល​ត​ ៗ គ្នា កាល​ខ្ញុំ​ដែល​រៀប​រៀង​រឿង​នេះ តាម​លំដាប់​ហូរហែ​តាំង​ពី​ខាង​ដើម​ដល់​ខាង​ចុង​តែ​ម្ដង ។ លោក​គ្រូ​នេះ​កាល​ពី​ដើម​មិន​មែន​ឈ្មោះ​អិក អី ដូច្នេះ​ទេ គឺ​ឈ្មោះ​លោក​តា​សួស ដល់​ទៅ​ខាង​ចុង​ទើប​បាន​ពិត​ថា លោក​គ្រូ​អិក អី ដូច្នេះ សូម​លោក​អ្នក​អាន​ស្ដាប់​ទាំង​ឡាយ ចូល​ចិត្ត​ពី​ហេតុ​ខាង​ដើម​ដរាប​ដល់​ខាង​ចុង​ដូច​ត​ទៅ ។

កវី សុខ បឿ

រៀបរៀង

មាន​សេចក្ដី​ដំណាល​ថា ក្នុង​សម័យ​កាល​ដែល​កន្លង​ទៅ​ហើយ​នោះ​មាន​លោក​នេន​មួយ​អង្គ អ្នក​ស្រុក​គេ​តែង​ហៅ​ថា​លោក​តា​សួស ៗ នោះ​ជា​នេន​ខ្ជីខ្ជា យប់​ៗ​ដើរ​ស្វែង​ក្នុង​ភូមិ​អ្នក​ស្រុក ដើម្បី​លួច​មាន់ អង្ករត្រី សាច់ មាស​ប្រាក់​កាក់​ប្រាស យក​ទៅ​ទិញ​សុរា​យក​មក​ផឹក​ស៊ី​បាយ​យប់​តែ​រឿយ​ៗ មាន​មនុស្ស​ ៣ នាក់ រួម​ចូល​ផឹក​ស៊ី​ជាមួយ​ផង លុះ​យូរ​ៗ​ទៅ តា​សួស​រក​ប្រាក់​នឹង​ទិញ​ស្រា​ពុំ​បាន មួយ​ទៀត​គិត​ថា បើ​នៅ​យូរ​ខ្លាច​ក្រែង​អ្នក​ស្រុក​គេ​ដឹង ថា​អញ​ជា​មនុស្ស​ពុត​អាក្រក់ គេ​នឹង​បណ្ដេញ​អញ​ចេញ​ពី​វត្ត​អារាមទើប​និយាយ​ពី​គ្រោះ​គ្នា​នឹង​មនុស្ស ៣ នាក់​នោះ ថា​យើង​នៅ​ក្នុង​ស្រុក​ធំ​នោះ ក្រ​ប្រាក់​ចាយ​ណាស់ ឧបាសក ឧបាសិកា ញោម​វត្ត​នេះ គេ​ពុំ​មាន​សទ្ធា ធ្វើ​បុណ្យ ធ្វើ​ទាន​នឹង​យើង​ទេ បើ​ដូច្នោះ​គួរ​ពួក​យើង​បបួល​គ្នា​ចេញ​ទៅ​ស្រុក​ក្រៅ ដើរ​កែ​ខៃ​កុហក​បញ្ឆោត​អ្នក​ស្រុក​ស្រែ​ចម្ការ ដោយ​ឧបាយ​ផ្សេង​ៗ គឺ​អញ​ធ្វើ​ជា​ធុតង្គ​រុក្ខ​មូល​ចៅ​ឯង ៣ នាក់​ធ្វើ​ជា​កូន​សិស្ស​ឧបដ្ឋាក​ដើរ​តាម​ក្រោយ ដើរ​និយាយ​បញ្ចុះ​បញ្ចូល​បបួល​អ្នក​ព្រៃ ឲ្យ​គេ​ជឿ​ថា​អញ​វិសេស​ខាង​ធុតង្គ​រុក្ខ​មូល​គេ​នឹង​និមន្ត​ធ្វើ​បុណ្យ​ទាន បាន​ចតុ​ប្បច្ច័យ​ហើយ​យើង​កែខៃ ទិញ​បាយ​ទិញ​ស្រា​ផឹក​ទៅ​តាម​កាល ឯ​មនុស្ស​ទាំង ៣ នាក់​នោះ ក៏​យល់​ព្រម​តាម​លោក​តា​សួស ក៏​ឲ្យ​ឧបដ្ឋាក​រៀបចំ​ឆត្រ​មុង​កន្ទេល គ្រឿង​បរិក្ខា​របស់​ធុតង្គ បាន​ហើយ​ទើប​នាំ​មនុស្ស​ទាំង ៣ នាក់​នោះ ចេញ​ចាក​ស្រុក​ក្រោម​ទៅ​កាន់​ស្រុក​លើ ឯ​តា​សួស​ក្លែង​ខ្លួន​ធ្វើ​ជា​លោក​ធុតង្គ​ដោយ​ព្រៃ ដល់​វេលា​ព្រឹក​ក៏​ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​ស្រុក​តាម​លំដាប់​ផ្លូវ ឯ​ពួក​ឧបាសក​ឧបាសិកា​នៅ​ស្រុក​ក្រៅ កាល​បើ​ឃើញ​តា​សួស​នោះ​ហើយ នឹក​ស្មាន​ថា​ជា​លោក​សង្ឃ​អធុតង្គ​រុក្ខមូល​ដោយ​សុចរិត ទើប​នាំ​គ្នា​ដាក់​បាត្រ​ប្រគេន​ចតុប្បច្ច័យ​ផ្សេង ៗ តាម​សទ្ធា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា តា​សួស​បាន​លាប​សក្ការៈ​បរិបូណ៌​ពោពាស ក៏​ធ្វើ​ជា​សង្រួម​ឥន្ទ្រីយ​បែប​រាង​ស្រគត់​ស្រគំ រម​ទម្យ​ពុំសូវ​និយាយ​ស្ដី​អ្វី​ប៉ុន្មាន​ឡើយ​ឯ​មនុស្ស ៣ នាក់​នោះ​តែ​ដើរ​ទៅ​ដល់​ទី​ណា​វា​ក៏​នាំ​គ្នា​និយាយ​សរសើរ​អួត​គុណ​តា​សួស ប្រាប់​អ្នក​ស្រុក​នោះ​ថា លោក​គ្រូ​យើង​នេះ លោក​វិសេស​ខាង​ផ្លូវ​ក្នុង​ពេក​នាស់ ទាំង​ទឹក​មន្ត​ក៏​ពូកែ​សក្តិសទ្ធិ ចេះ​ទាំង​យិត​មើល​ហួយ​មើល​ប៉ោ ក៏​ឆុត​ឆាប់​តែ​លោក​ថា​អ្នក​សន្ដោស មិន​មាន​សេចក្ដី​លោភ​ទេ បើ​អ្នក​ណា​ត្រូវ​ចិត្ត​លោក ៗ ក៏​ប្រោស​ឲ្យ​ទាន​បាន​សម្រេច​ប្រយោជន៍​គ្រប់​ប្រការ ពួក​យើង ៣ នាក់​នេះ​ក៏​ឧស្សាហ៍​ដើរ​តាម​លោក​ម្ល៉េះ​នេះ កាល​បើ​បាន​ស្ដាប់​ពាក្យ​អ្នក​ទាំង ៣ ស្រដី​អួត​តា​សួស​ដូច្នោះ​ហើយ​ក៏​ជឿ​តាម ទើប​នាំ​គ្នា​និមន្ត​តាសួស​សូត្រ​បូជា​ព្រះ​គ្រោះ​ខ្លះ សូម​មន្ត​ខ្លះ សូម​ខ្សែ​ក​ខ្សែ​ចង្កេះ​ខ្លះ តា​សួស​បាន​លាភ​សក្ការ​បរិបូណ៍​ច្រើន​ឡើង ៗ ដោយ​ពួក​អ្នក​ស្រុក​ក្រៅ​រាប់​អាន តែ​ដល់​ពេល​យប់​ស្ងាត់ ចៅ​ទាំង ៣​នាក់​វា​ទៅ​លួច​ទិញ​ស្រា ទិញ​បាយ​មក​លៀង​គ្នា​ក្នុង​ព្រៃ​តាម​វិស័យ សើច​លេង​សប្បាយ​រៀង​ៗ​ខ្លួន ។

ឯ​តា​សួស​នឹង​អ្នក ៣ នាក់ វា​ប្រព្រឹត្ត​អាការៈ​យ៉ាង​នេះ​រៀង ៗ ទៅ​តាម​ផ្លូវ លុះ​ថ្ងៃ ១ នោះ តា​សួស​នាំ​គ្នា​ទាំង ៣ នាក់​ដើរ​ទៅ​ដល់​ភូមិ ១ ទើប​ចូល​ទៅ​កាន់​ភូមិ​នោះ ហើយ​ទៅ​អង្គុយ​ក្រោម​ម្លប់​ដើម​ពោធិ៍​ខាង​ត្បូង​ភូមិ​នោះ ឯ​ចៅ ៣ នាក់​វា​នាំ​គ្នា​ចូល​ទៅ​ក្នុង​ភូមិ និយាយ​ឃោសនា ប្រាប់​អ្នក​ស្រុក​ថា លោក​ធុតង្គ​រុក្ខ​មូល​លោក​និមន្ត​មក​គង់​នៅ​ខាង​ត្បូង​ភូមិ​នោះ​ឯង បើ​បង​ប្អូន​ឬ​ញាតិ​សន្ដាន​ព្រៀង​លាន​ណា មាន​ប្រាថ្នា​ដោយ​ការ​អ្វី ៗ សូម​អញ្ជើញ​យក​ទឹក​តែ​ស្ករ​ស​ស្លា​បារី​ទៅ​ប្រគេន​លោក​ចុះ លោក​និមន្ត​មក​នេះ មិន​មែន​ឥត​ប្រយោជន៍​ទេ គឺ​និមន្ត​មក​ប៉ង​ដើម្បី​ប្រោស​សត្វ​បំបាត់​សោក​ហើយ បើ​អស់​លោក​ណា​ចង់​បាន​ខ្សែ​ក​ខ្សែ​ចង្កេះ នឹង​ទឹក​មន្ត​ការពារ​រោគ​អាសន្ន​កម្ម​ផ្សេង ៗ ក៏​សូម​អញ្ជើញ​ទៅ​រក​លោក​ដោយ​ឆាប់ ៗ ចុះ​ឯ​បណ្ដា​មហា​ជន​ប្រុស​ស្រី នៅ​ទី​ភូមិ​នោះ​លុះ​ឮ​ថា លោក​ធុតង្គ​រុក្ខមូល​វិសេស​មក​ដូច្នោះ​ហើយ ខ្លះ​ក៏​បាន​ស្លា​បារី ខ្លះ​ក៏​បាន​ទឹក​ក្ដៅ​ត្រជាក់ នាំ​គ្នា​ទៅ​រក​តា​សួស ដល់​ហើយ​ក្រាប​ថ្វាយ​បង្គំ​សួរ​ទទួល​រាក់​ទាក់​ដោយ​អាមិសបដិ​សណ្ឋារៈ​គ្រប់​យ៉ាង ប្រគេន​​ទឹក​ស្រង់​ទឹក​ឆាន់ ស្លា​ម្លូ​ភេសជ្ជៈ​តាម​សទ្ធា​រៀង​ៗ​ខ្លួន ទើប​សំពះ​សួ​ថា៖

ព្រះ​ករុណា​ម្ចាស់​និមន្ត​មក​ពី​ស្រុក​ណា ?

ព្រះ​តេជ​ព្រះ​គុណ !

តា​សួស​ទទួល​ឆ្លើយ​ថា ចំរើន​ពរ​អាត្មាភាព​នេះ​នៅ​ក្នុង​ទី​ក្រុង​ចេញ​មក​ធុតង្គ​រុក្ខមូល​យូរ​ខែ​ឆ្នាំ​ហើយ អាត្មាភាព​នៅ​តែ​ក្នុង​ព្រៃ​មិន​ដែល​ចូល​ទៅ​កាន់​ស្រុក​ភូមិ​ណា​ទេ​ញោម! ទើប​តែ​ថ្ងៃ​នេះ​មាន​ហេតុ​ជា​ការ​មិន​ស្រួល​នៅ​ស្រុក​ភូមិ​ញាតិ​ញោម​នេះ បាន​ជា​អាត្មាភាព​ខំ​ឧស្សាហ៍​និមន្ត​មក​នេះ ឯ​ពួក​អ្នក​ស្រុក​នោះ លុះ​ឮ​តា​សួស​ថា​ដូច្នោះ​ហើយ ក៏​កើត​សេចក្ដី​សង្ស័យ​ឡើង​គ្រប់​គ្នា ទើប​នាំ​គ្នា​សួរ​តប​ទៅ​វិញ​ថា៖

ករុណា​ម្ចាស់ ! បពិត្រ​ព្រះ​គុណ​ធ្ងន់​ក្រៃ ! មាន​ពុទ្ធដិកា​នេះ​យល់​ប្លែក​ពេក​ណាស់ ចុះ​លោក​ម្ចាស់​យល់​ហេតុ​ភូមិ​យើង​ខ្ញុំ​នេះ​មិន​ស្រួល​យ៉ាង​ណា ?

ញាតិញោម​អឺយ ! អាត្មាភាព​អង្គុយ​ធម៌​យប់​មិញ​នេះ មាន​ឃើញ​ហេតុ​អន្តរាយ នឹង​កើត​មាន​ដល់​ញាតិញោម​ក្នុង​ភូមិ​នេះ​ទាំង​អស់​គ្នា គឺ​អាត្មាភាព​ឃើញ​ថា​ភូមិ​នេះ​នៅ​តែ ៧ ថ្ងៃ​ទៀត នឹង​មាន​អសនីបាត គឺ​អន្ទះ​បាញ់​មក​ត្រូវ​ភូមិ​នេះ​ដល់​នូវ​សេចក្ដី​វិនាស​សាប​សូន្យ​ទាំង​ភូមិ​ជា​​ម្ដង ! អាត្មាភាព​គិត​នឹក​អាណិត​ដល់​ញាតិ​ញោម​ទាំង​អស់​គ្នា​ណាស់ ! បាន​ជា​ខំ​ឧស្សាហ៍​មក​នេះ ប្រាថ្នា​នឹង​ប្រាប់​សេចក្ដី​នោះ​ឲ្យ​ញាតិញោម​ឯ​ណា​ចង់​ឲ្យ​រួច​ពី​កាឡកិណ្ណី​សេចក្ដី​វិនាស​នោះ​ត្រូវ​តែ​រុះរើ​ផ្ទះ​សំបែង​ចេញ​អំពី​ភូមិ​ចាស់ ទៅ​តាំង​នៅ​ភូមិ​ក្រៅ​ជា​ថ្មី​ម្ដង​ទៀត​នោះ​ទើប​រួច​ភ័យ​អំពី​អសនីបាត​នោះ​បាន ឯ​បណ្ដា​មហាជន​ទាំង​ឡាយ​នោះ លុះ​ឮ​តា​សួស​ថា​ដូច្នោះ​ហើយ ក៏​កើត​សេចក្ដី​ភិតភ័យ​ទាំង​អស់​គ្នា​ទើប​តប​វិញ​ថាៈ

សូម​ទាន​ករុណា​ម្ចាស់ ! បើ​ដូច្នោះ សេចក្ដី​វិនាស​នោះ នឹង​មាន​ដល់​ពួក​យើង​ខ្ញុំ​ហើយ​ឬ ? តែ​ថា​ឲ្យ​ពួក​យើង​ខ្ញុំ​រុះ​រើ​ផ្ទះ​សំបែង​នោះ ចេញ​អំពី​ភូមិ​នោះ​ទៅ​តាំង​នៅ​ភូមិ​ជា​ថ្មី​ទៀត ជា​ការ​លំបាក​ពន់​ពេក​ណាស់​បើ​ដូច្នោះ សូម​ករុណា​ម្ចាស់ នឹង​មាន​ឧបាយកល​ល្មម​ឧបទេស​កែខៃ​សេចក្ដី​អន្តរាយ​អំពី​អន្ទះ​នោះ​ជា​បាន​ខ្លះ​ឬ​ទេ ?

ឱ​ញាតិ​ញោម​អឺយ ! ចង់​គិត​កែ​ខៃ​ឧបទេស​នោះ ប្រហែល​ជា​បាន​មើល​ទៅ ! ចាំ​អាត្មាភាព​អង្គុយ​ធម៌​សាក​មើល​សិន ថា​ហើយ​តាសួស​ក៏​តាំង​អុជ​ទៀន​ធូប​ហើយ​តាំង​សាមាធិ អង្គុយ​ធ្មេធ​ភ្នែក​បន្តិច​បើក​ភ្នែក​ឡើង​ថា បាន​ញោម ! មិន​អ្វី​ទេ តែ​ញាតិ​ញោម​ត្រូវ​ខាត​ដើម​ទុន​ខ្លះ​ទើប​អាច​ធ្វើ​បាន ……..

ករុណា​ម្ចាស់​មិន​អី​ទេ ទោះ​បង់​ខាត​ធន​ធាន​ប៉ុន្មាន​ៗ ក៏​មិន​ថា​ទេ ធ្វើ​ម្ដេច​ឯង​ដល់​សេចក្ដី​វិនាស​ហើយ សូម​និមន្ត​លោក​គ្រូ​ម្ចាស់​បង្គាប់​មក​ចុះ

! ញាតិ​ញោម​អឺយ អាត្មា​នេះ​ជា​សង្ឃ​ផង​នឹង​បង្គាប់​បញ្ជា​ទៅ ក៏​ហាក់​ដូច​ជា​មិន​គួរ​នឹង​ភេទ​ឯង​ជា​សមណៈ​នោះ​សោះ ដ្បិត​​ភ្លើង​អន្ទះ​នោះ តាម​បាលី​ថា អសនី គឺ​ថា អសុរា ប្រែ​ថា យក្ខ​ខ្មោច ៗ នោះ​វា​គាប់​ចិត្ត​តែ​នឹង​ស្រា​បាយ សាច់​ញាំ​ភ្លា​មាន់​ស្ងោរ រៀប​បូជា​ពលិការ​វា ហេតុ​នោះ​បាន​ជា​អាត្មា​ទាល់​ណាស់ ព្រោះ​ឯង​ថា​លោក​សង្ឃ. . .

ករុណា​ម្ចាស់ កុំ​ព្រួយ​ព្រះ​ទ័យ​ឡើយ និមន្ត​បង្គាប់​មក​ចុះ ពួក​យើង​ខ្ញុំ​នឹង​ធ្វើ​តាម

! ញាតិ​ញោម​អឺយ . . . ត្រូវ​ធ្វើ​រោង​ពិធី ១ ខ្នង​នៅ​ក្រៅ​ភូមិ​ហើយ​ឲ្យ​ធ្វើ​ជា​រាជ​វតិ ទ្រង់ ឆត្រ ស្លា​ធម៌ បាយ​សី ជម ចារ គ្រឿង ចំអាប​បង្អែម​ផ្សេង ៗ យក​ទៅ​តាំង​នៅ​រោង​ពិធី . . .

មនុស្ស​ទាំង​ឡាយ ក៏​នាំ​គ្នា​ធ្វើ​តាម​ពាក្យ​តា​សួស​នោះ​សព្វ​គ្រប់​ប្រការ​ឯ​តាសួស​ក៏​នាំ​គ្នា​ទាំង ៣ នាក់​ចូល​ទៅ​ក្នុង​រោង ហើយ​យក​អំបោះ ចង​ព័ទ្ធ​សីមា ៧ ជាន់ ហើយ​ប្រាប់​អ្នក​ស្រុក​ថា ញាតិ​ញោម​ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​មនុស្ស​មាន​គ្រោះ​ធំ ត្រូវ​តែ​នៅ​ក្រៅ​រោង​ពិធី​នេះ តា​សួស​ថា​ហើយ ទើប​សរសេរ​សំបុត្រ​បិទ​នៅ​មាត់​ទ្វារ​នោះ ថា៖

កុំ​ឲ្យ​នរណា​ចូល​មក​ក្នុង​រោង​ពិធី​នេះ​ឡើយ ថា​បើ​នរណា​អាច​ហ៊ាន​កាត់​អម្បោះ​សីមា​កន្លង​ចូល​មក​ក្នុង​រោង​ពិធី​នេះ​ហើយ អ្នក​នោះ​នឹង​ទៅ​ជា​ឆ្កួត​ឈឺ​ស្លាប់​កើត​វិបត្តិ​ផ្សេង ៗ បណ្ដា​អ្នក​ស្រុក​ទាំង​ស្រុក​ទាំង​នោះ​ក៏​ធ្វើ​តាម​តាសួស​ហាម​ទាំង​អស់ នាំ​គ្នា​ហាម​កូន​ចៅ​ក្មេង​តូច​ធំ កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ពិធី​នោះ ។

ឯ​តា​សួស​បាន​ឱកាស​ស្ងាត់​ហើយ ក៏​នាំ​គ្នា​ទាំង ៣ នាក់​ស៊ី​បាយ​ផឹក​ស្រា​តាម​អំពើ​ពុត​អាក្រក់ លុះ​ស្រវឹង​ស្រា​ខ្លាំង​ក៏​តាំង​និយាយ​កោកកាក ៗ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​គឺក​កង​រំពង​ក្នុង​រោង​នោះ លុះ​នៅ​ដល់​បាន ២៣​ថ្ងៃ មាន​កុមារ​ម្នាក់​អាយុ ១៤ ឆ្នាំ ឈ្មោះ​ចៅ​សេក ក្មេង​នោះ​វា​ទៅ​ឃ្វាល​ក្របី​នៅ​វាល​ស្រែ ដល់​ពេល​ថ្ងៃ​ល្ងាច​ត្រជាក់ ចៅ​សេក​វា​ដេញ​ក្របី​ទៅ​ផ្ទះ បរ​ទៅ​ខាង​រោង​ពិធី​នោះ បាន​ឮ​សំឡេង​អ្នក​ទាំង ៤ នាក់ ផឹក​ស៊ី​ប្រកែក​គ្នា​កោកកាក​ដូច្នោះ​ហើយ ចៅ​សេក​គិត​ថា សំឡេង​យ៉ាង​នេះ​ទំនង​ជា​មនុស្ស​ស្រវឹង​ស្រា យ៉ាង​ជា​លោក​សង្ឃ​នោះ​ផឹក​ស្រា​ទេ​ដឹង បើ​ដូច្នេះ​គួរ​អញ​ទៅ​លប​មើល​អេះ ដើម្បី​បញ្ជាក់​ការ​នោះ​ឲ្យ​ជាក់​ច្បាស់​សិន​ទោះ​វា​ឆ្កួត​ឬ​ឈឺ​ចាប់​យ៉ាង​ណា​ក៏​តាម​ចុះ អញ​ប្រថុយ​ល​មើល គិត​ហើយ ក៏​ដើរ​លប​ចូល​ទៅ​ដល់​ប្រប​ជញ្ជាំង​រោង ហើយ​លួច​បើក​ស្លឹក​ត្នោត​ដែល​បាំង​នោះ​គន់​មើល​ទៅ​ក្នុង​រោង ក៏​ឃើញ​អា​ដែង ៤ នាក់​នោះ​វា​អង្គុយ​ដំកង់​គ្នា ស៊ី​បាយ​ផឹក​ស្រា​ដោយ​អំពើ​ពុត​អាក្រក់ ចៅ​សេក​ឃើញ​ហើយ​ក៏​នឹក​ថា​យី ! អា​ដែង​អស់​នេះ ផឹក​ស្រា​ស៊ី​បាយ​ល្ងាច​ទេ​តើ ! ពុទ្ធោ ៗ ! ធម្មោ ៗ ! សង្ឃោ ៗ ! ! ម៉ែ​ឪ​អញ​ទៅ​ជឿ​អា​ពួក​នេះ​ឆ្កួត​ទទេ ទាំង​អ្នក​ស្រុក​ក៏​ជឿ​ចុះ​ចូល​វា ឲ្យ​វា​បញ្ឆោត​អស់​ទាំង​អ្នក​ស្រុក​ទៅ​ហើយ បើ​ដូច្នោះ​គួរ​អញ​ទៅ​ប្រាប់​ម៉ែ​ឪ​អញ​ឲ្យ​គាត់​បាន​ដឹង​ផង គិត​ហើយ​ក៏​ដើរ​ថយ​ចេញ​ម្នីម្នា រត់​ត្រង់​ទៅ​ផ្ទះ បាន​ឃើញ​ម្ដាយ​នៅ​លើ​ផ្ទះ​ចៅ​សេក​ក៏​ស្រែក​ប្រាប់​ទៅ​ថា ម៉ែ ៗ លោក​អ្នក​មាន​គុណ​ធ្ងន់​ក្រៃ ! ម៉ែ​ឯង​ទៅ​ជឿ​អី​លោក​សង្ឃ​ធុតង្គ​នោះ មិន​ពិត​ជា​លោក​សង្ឃ​ល្អ​ទេ វា​ក្លែង​ក្លាយ​ទេ​ម៉ែ ខ្ញុំ​បាន​ឃើញ​វា​ផឹក​ស្រា​ស៊ី​បាយ​ល្ងាច​អំបាញ់​មិញ​នេះ​ឯង ។

ឯ​នាង​ជា​ម្ដាយ​បាន​ឮ​ពាក្យ​កូន​ប្រាប់​ដូច្នោះ​ហើយ ក៏​​ពុំ​មាន​សតិ​សម្បជញ្ញៈ នឹង​ត្រិះរិះ​ឲ្យ​ច្បាស់​លាស់ ដោយ​ជឿ​ពាក្យ​លោកតា​សួស​ថា​នរណា​កាត់​សីមា​ចូល​ក្នុង​រោង​ពិធី​លោក​អ្នក​នោះ​នឹង​ឆ្កួត​ប្រាកដ ទើប​កើត​ភិតភ័យ​តក្កមា​ហើយ​សួរ​ថា កូន ! កូន ៗ ឯង​ចូល​ទៅ​ក្នុង​រោង​ពិធី​លោក​ឬ​អី ? កូន​ឆ្លើយ​ថា​បាទ បាទ​ខ្ញុំ​លប​លួច​ចូល​ទៅ​ឃើញ វា​កំពុង​តែ​ផឹក​ស៊ី​ទាំង ៤ នាក់​ណា​ម៉ែ ម្ដាយ​ថា ឱ ! កូន​អឺយ​លោក​បាន​ហាម​ប្រាម​ទាំង​អស់​គ្នា ថា​កុំ​ឲ្យ​នរណា​ចូល​ទៅ​ក្នុង​រោង​ពិធី​លោក ឥឡូវ​កូន​ឯង​ចូល​ទៅ​នោះ ត្រូវ​ដូច​ពាក្យ​លោក​ថា អ្នក​ណា​ចូល​ហើយ អ្នក​នោះ​នឹង​ឆ្កួត​មិន​ខាន​ឥឡូវ​កូន​ឯង​ឆ្កួត​ហើយ​តើ​កូន គួរ​អី​ទៅ​ថា​លោក​សង្ឃ​ផឹក​ស្រា​នោះ លោក​ជា​អ្នក​ដើរ​ធុតង្គ​រុក្ខមូល​វិសេស​ណាស់ ចៅ​សេក​ប្រកែក​ថា ម៉ែ​ឯង​មិន​ជឿ​ខ្ញុំ​ទេ​ឬ ? ខ្ញុំ​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ អា​ដែង​ទាំង ៤ នាក់​នោះ​វា​មក​ក្លែង​បញ្ឆោត​គេ​យក​លាភ​ទេ អ្នក​ណា​ទៅ​ជឿ​វា​គង់​នឹង​ខូច​ខ្លួន​មិន​ខាន ឯ​នាង​ម្ដាយ​មិន​ស្ដាប់ ចេះ​តែ​ថា​អា​ឯង​ទៅ​ចូល​ក្នុង​សីមា​លោក វា​ឆ្កួត​មែន​ហើយ ឯ​បណ្ដា​ពួក​ញាតិ​នៅ​ជិត​ខាង បាន​ឮ​ចៅ​សេក​នឹង​ម្ដាយ​ប្រកែក​គ្នា​ដូច្នោះ​ហើយ សឹង​ឆោឡោ​ឡើង​ទៅ​សួរ​ថា ម្ដេច​ចៅ​សេក​វា​ទៅ​ចូល​ក្នុង​សីមា​លោក​នោះ​ឬ​អី ? នាង​ម្ដាយ​ក៏​ប្រាប់​ទៅ​ថា អើ​ឯង​អឺយ វា​ចូល​ទៅ​ក្នុង​សីមា​លោក ឥឡូវ​វា​ឆ្កួត​ណាស់ ទៅ​តាំង​តែ​ជេរ​លោក​សង្ឃ​នោះ​ផ្សេង ៗ ។

ឯ​ពួក​ញាតិ ក៏​តាំង​ស្ដី​បន្ទោស​ចៅ​សេក​ថា​ឆ្កួត​មែន​ហើយ ធ្វើ​ម្ដេច​នឹង​រក​គ្រូ​ឯ​ណា​នឹង​មើល​បាន ឯ​ចៅ​សេក​ឮ​ពួក​ញាតិ​គេ​ស្ដី​បន្ទោស​ដូច្នោះ​ហើយ ក៏​ខឹង​ណាស់ តាំង​ជេរ​ដាស​ពាស​ទៅ ដល់​ប្រកែក​នឹង​គេ​មិន​ឈ្នះ​វា​ក៏​យំ​ស្រែក​ផង​ព្រោះ​ដោយសា​ក្មេង ឯ​ពួក​ញាតិ​រឹង​រិត​តែ​ជឿ​ថា​ចៅ​សេក​ឆ្កួត គឺ​ពី​ដើម​គ្រាន់​តែ​ថា​លោក​សង្ឃ​ផឹក​ស្រា ឥឡូវ​ខ្លាំង​តាំង​យំ​ជេរ​គេ ជេរ​ឯង​តែ​ផ្ដាស មិន​ស្គាល់​ចាស់​ក្មេង​ផង ឯ​នាង​ជា​ម្ដាយ​នោះ ក៏​ភិតភ័យ​ខ្លាំង ទើប​រត់​ទៅ​ឯ​រោង​ពិធី​លោកតា​សួស ដល់​ហើយ​ស្រែក​ហៅ​ទៅ​ថា៖

! ករុណា​ម្ចាស់ សូម​មេត្តា​ប្រោស​សត្វ​បំបាត់​សោក ! សូម​ទាន​និមន្ត ! ចេញ​មក​ខាង​ក្រៅ​រោង​សិន ដ្បិត​សត្វ​កើត​វិបត្តិ​ហើយ​ព្រះ​គុណ​ម្ចាស់ ឯ​តា​សួស​ឮ​នាង​សិកា​និមន្ត​ចេញ​ដូច្នោះ​ក៏​ស្ទុះ​ម្នីម្នា​ជូត​មាត់​ជូត​ក​ស្អាត​ហើយ តាំង​គ្រង​ចីពរ​ជា​បរិមណ្ឌល​ពាក់​ផ្គាំ​កាន់​ឈើ​ច្រត់ ដើរ​លប ៗ ចេញ​មក​ខាង​ក្រៅ​ហើយ​សួរ​ថា​កើត​អី​ញោម បាន​ជា​ភិតភ័យ​រលេះ​រលាំង​យ៉ាង​នេះ ? នាង​សិកា​នោះ​អង្គុយ​លុត​ជង្គង់​ប្រណម្យ​ដៃ ទូល​ថា​ករុណា​ម្ចាស់ ! ឥឡូវ​នេះ​ចៅ​សេក​កូន​ខ្ញុំ​ករុណា​វា​ចូល​មក​ក្នុង​សីមា​លោក​ម្ចាស់ ឥឡូវ​កើត​ទៅ​ជា​ឆ្កួត​ពុំ​ដឹង​អ្វី​សោះ ចេះ​តែ​យំ​ស្រែក ជេរ​គេ​ឯង​ពាស​ទៅ​ជេរ​ត្រូវ​ទាំង​លោក​ម្ចាស់​ផង ។

តាសួស​ឆ្លើយ​ថា អើ​ញោម អាច​ក្ដី​បាន​ហាម​ហើយ ថា​កុំ​ឲ្យ​ប្រហែស​ឲ្យ​ហាម​កូន​ហាម​ចៅ​កុំ​ឲ្យ​វា​ចូល​មក​ក្នុង​សីមា​ពិធី​នេះ ក្រែង​វា​កើត​ហេតុ​ឥឡូវ​មែន ៗ ដូច​ពាក្យ​អាច​ក្ដី​ថា ចុះ​ឥឡូវ​នេះ​វា​នៅ​ឯ​ណា​កូន​ញោម​នោះ ?

ករុណា​ម្ចាស់ វា​នៅ​ឯ​ផ្ទះ​ខ្ញុំ​ករុណា​ឯ​នោះ

អើ​បើ ដូច្នោះ ញោម​ទៅ​នាំ​ខ្លួន​វា​មក​ឯ​រោង​ពិធី​នេះ អាច​ក្ដី​នឹង​មើល​រោគ​ឆ្កួត​នោះ​ណា​ញោម នែ​ញោម​ពាក្យ​ចាស់​លោក​ថាៈ

បន្លា​មុត តោង​យក​បន្លា​ជួស . . .

ទឹក​ចូល​ត្រចៀក តោង​យក​ទឹក​ចាក់ . . .

ត្រូវ​កំចាត់​សត្រូវ​ដោយ​សត្រូវ

ឲ្យ​ទ្រព្យ​ដែល​ត្រូវ​ដល់​ចិត្ត​វា

ដូច​បន្លា​ដែល​មុត​ក្នុង​បាទា

យក​បន្លា​ដូច​គ្នា ជួស​ទើប​បាន ។

រោគ​ឆ្កួត​កើត​មក​ពី​រោង​ពិធី​នេះ​ឯង តោង​ញោម​យក​មក​រក្សា​ឯ​រោង​ពិធី​នេះ​ទើប​ជា​សះ​ស្បើយ​ទៅ​បាន ឯ​នាង​សិកា​នោះ​ក៏​សំពះ​លោកតា​សួស វិល​ទៅ​ពឹង​បង​ប្អូន​ប្រុស ៣ – ៤ នាក់​ឲ្យ​ជួយ​ចាប់​យក​ខ្លួន​ចៅ មក​ប្រគល់​ឲ្យ​តា​សួស ឯ​ចៅ​សេក​នោះ​ត្រូវ​គេ​ចាប់​​ដឹកនាំ​ទៅ​ដូច្នោះ ក៏​រឹង​រិត​តែ​ខឹង នឹង​ពួក​ញាតិ​តាំង​បម្រះ​ននៀល​ជេរ​គេ​ជេរ​ឯង ហើយ​យំ​ស្រែក​ទៅ​តាម​ភាសា​ក្មេង​តែ​ធន់​ពុំ​បាន​នឹង​កំលាំង​មនុស្ស​ចាស់ ៗ គេ​ក៏​នាំ​គ្នា​ចាប់​សែង​ព​នាំ​ទៅ​ដល់​រោង​ពិធី​នោះ ឯ​តា​សួស​ក៏​បបួល​គ្នា​ទាំង ៣ នាក់​ចេញ​មក​ខាង​ក្រៅ​រោង ហើយ​ទទួល​យក​ចៅ​សេក​ចូល​ទៅ​ក្នុង​រោង​តា​សួស ៗ ប្រាប់​ទៅ​ថាៈ ញោម​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នក​មាន​គ្រោះ​ថ្នាក់​នឹង​នៅ​ជិត​រោង​ពិធី​ពុំ​បាន ក្រែង​ខ្មោច​ព្រាយ​អសនី​នោះ​វា​ចូល​រូប​អាត្មា​នឹង​ស្រោច​ទឹក​មន្ត​ចៅ​សេក​ហើយ ខ្មោច​ដែល​នៅ​ក្នុង​រូប​ចៅ​សេក​វា​នឹង​ស្រែក​ជា​ខ្លាំង​ពុំខាន បើ​ដូច្នោះ​ចូល​ញាតិ​ញោម​ទាំង​អស់​គ្នា​ចៀសចេញ​ទៅ​ផ្ទះ​វិញ​ឲ្យ​ឆាប់ ៗ កុំ​នៅ​យូរ ក្រែង​ខ្មោច​វា​ចូល ឯ​រូប​ចៅ​សេក​នេះ​មិន​អី​ទេ តែ​ស្អែក​ខាន​ស្អែក​គង់​នឹង​ជា​ពុំ​ខាន ឯ​ពួក​ញាតិ​ចៅ​សេក​ឮ តា​សួស​ថា​ដូច្នោះ​ហើយ ក៏​នាំ​គ្នា​សំពះ​លា​តាសួស​វិល​ទៅ​ផ្ទះ​ទីទៃ ៗ ទៅ ឯ​តា​សួស​ថា​ដូច្នោះ​ហើយ ក៏​នាំ​គ្នា​សំពះ​លា​តា​សួស​វិល​ទៅ​ផ្ទះ​ទីទៃ ៗ ទៅ ឯ​តា​សួស​ចូល​ទៅ​ក្នុង​រោង​ពិធី​ហើយ​ឲ្យ​គ្នា ៣ នាក់​នោះ​ចង​ចៅ​សេក​ផ្ជាប់​នឹង​សសរ​រោង តាំង​កាន់​រំពាត់​ផ្ដៅ​ម្នាក់​មួយ ៗ គ្រប់​ទាំង ៤ នាក់ ហើយ​កំហែង​សួរ​ចៅ​សេក​ថាៈ អើ​អាសេក​អា​ឯង​ថា ឃើញ​​ពួក​អញ​ស៊ី​បាយ​ផឹក​ស្រា​មែន​ឬ​ដូច​ម្ដេច ?

ចៅ​សេក​ឆ្លើយ​ថា អើ​មែន​ខ្ញុំ​ឃើញ​លោក​តា​ឯង ផឹក​ស្រា ស៊ី​បាយ ល្ងាច​ប្រាកដ​ទាំង​ ៤ នាក់​មែន ពួក​ទាំង​នោះ​ក៏​កើត​ទោសោ ហើយ​វាយ​ចៅ​សេក ៤៥ រំពាត់ ចៅ​សេក​ក៏​ស្រែក​យំ​ដោយ​សំឡេង​ខ្លាំង ទាំង ៤ ​នាក់​ក៏​សួរ​សាក​ទៀត​ថា ដូច​ម្ដេច​អាសេក​អា​ឯង ថា​ពួក​យើង​ផឹក​ស្រា​មែន ឬ​ដូច​ម្ដេច ?

អើ អា​ឯង​ផឹក​ស្រា​មែន អញ​ឃើញ​ច្បាស់​នឹង​ភ្នែក​អញ​ហើយ​អា ៤ នាក់​ក៏​រឹង​រឹត​វាយ​ខ្លាំង​ឡើង ៗ លើស​មុន ចៅ​សេក​បាន​ដល់​នូវ​សេចក្ដី​ទុក្ខ​វេទនា​ឈឺ​ចាប់​ពន់​ពេក​ណាស់ ដល់​ក្រោយ​ទើប​គិត​ថា ឱ ! អញ​នេះ ជា​មនុស្ស​ក្មេង​ម្នាក់​ឯង គេ​ឆ្កួត​ពេញ​ទាំង​ស្រុក​ទៅ​ហើយ តែ​ឯង​មិន​ធ្វើ​ឆ្កួត​តាម​គេ​នោះ អា​ដែង​ពួក​នេះ វា​មុខ​ជា​វាយ​អញ​ដល់​នូវ​សេចក្ដី​ស្លាប់​ពុំ​ខាន​ឡើយ ។

ណ្ហើយ​ចុះ​តោង​ធ្វើ​ជា​ឆ្កួត​តាម​វា​ទៅ​ចុះ​ទើប​រក្សា​ខ្លួន​សុខ​បាន ចៅ​សេក​គិត​ដូច្នោះ​ហើយ​ទើប​លើក​ដៃ​សំពះ​តា​សួស ហើយ​សារ​សព្ទ​ប្រាប់​ទៅ​ថាៈ

ករុណា​ម្ចាស់ ខ្ញុំ​ករុណា​នេះ​ឆ្កួត​ពិត​មែន​ហើយ​សូម​ទាន​ប្រោស អត់​ទោស​ខ្ញុំ ៗ ឆ្កួត​មិន​ដឹង​​ខ្លួន​មិន​ដឹង​ប្រាណ​ទេ​ព្រះ​គុណ បាន​ជា​ថា​ព្រះ​គុណ​ផឹក​ស្រា​នោះ គឺ​ព្រះ​គុណ​ពុំ​មែន​ឆាន់​ស្រា​ទេ ខ្ញុំ​ឆ្កួត​មែន​ហើយ​ឥឡូវ​ខ្ញុំ​ដឹង​ខ្លួន​ជា​សះ​ស្បើយ​ហើយ រាង​ចាល​ហើយ ពី​នេះ​ទៅ​ទៀត​ខ្ញុំ​ពុំ​ថា​ព្រះ​គុណ​ផឹក​ស្រា​ទេ​ទាន

អើ​បើ ឯង​លែង​ថា​អញ​ផឹក​ស្រា​រាង​ចាល​ហើយ អញ​ក៏​លែង​វាយ​ឯង ៗ តែ​ត្រឹម​នេះ ករុណា ខ្ញុំ​ករុណា​លែង​ថា ព្រះ​គុណ​ឆាន់​ស្រា​ទៀត​ហើយ អំពី​ថ្ងៃ​នេះ​ត​ទៅ​បើ​ដូច្នោះ​មែន អញ​ក៏​លែង​វាយ​ឯង​ដែរ​បើ​ឯង​នៅ​តែ​ថា​អញ ៗ ក៏​វាយ​ឯង​ទាល់​តែ​ស្លាប់ ថា​ហើយ​តា​សួស ក៏​ឪ្យ​ស្រាយ​ចំណង​ចៅ​សេក​ឃាត់ខាំង​ចៅ​សេក​មិន​ឪ្យ​ចេញ​ទៅ​ខាង​ក្រៅ​រោង​ពិធី ឯ​ចៅ​សេក​សោត​ទាល់​ចំណេះ ក៏​នៅ​បំរើ​អា ៤​នាក់​នោះ​ទៅ​តាម​អាធ្យាស្រ័យ​វា លុះ​ថ្ងៃ​គំរប់ ៧ ជា​ពេល​យប់​ស្ងាត់ ចៅ​សេក​ដេក​លក់​ទៅ​អាដែង ៤ នាក់​នោះ តាំង​រើ​គ្រឿង​ពិធី​យក​ប្រាក់​សំពត់​ផ្តិល​ជើង​ពាន​វេច​ជា​សម្ពាយ​ហើយ​នាំ​គ្នា​លប​រត់​ចេញ​ចាក​ស្រុក​នោះ ទៅ​កាន់​ស្រុក​ឯ​ទៀត​ទៅ លុះ​ដល់​វេលា​ព្រឹក​ចៅ​សេក​ភ្ញាក់​ឡើង ស្រាប់​តែ​ស្ងាត់​ឈឹង​ទាំង​រោង​មើល​ទៅ​គ្រឿង​តាំង​ពិធី​នោះ​ក៏​បាត់​អស់​រលីង​គ្មាន​សល់​ដល់​តិច​តួច​ឡើយ ចៅ​សេក​ក៏​ដឹង​ថា​តា​សួស លួច​របស់​ទ្រព្យ​រត់​ទៅ​អស់​ហើយ ទើប​ចៅ​សេក​ដើរ​ចេញ​ចាក​រោង ចូល​ទៅ​ផ្ទះ​ខ្លួន ឯ​បណ្ដាញ​ញាតិ​មិត្រ​ឃើញ​ចៅ​សេក​ដើរ​មក​ដូច្នោះ​ហើយ ក៏​សួរ​ថា ដូច​ម្ដេច​ទៅ​ជី​សេក​អឺយ ! រោគ​នោះ​បាន​ស្រាក​ស្រាល​ធូរ​ខ្លួន​ប្រាណ​ខ្លះ​ហើយ​ឬ​​ដូច​ម្ដេច​ទៅ ?

ចៅ​សេក​ក៏​តប​ថា នៅ​ឡើយ​ទេ តែ​ថា ឥឡូវ​នេះ អំពើ​ចំគួត​នោះ​វា​នៅ​លើ​អ្នក​ស្រុក​ទាំង​អស់​គ្នា អើ​ឯង ៗ ជា​សោះ​គេ​ឆ្កួត​ពេញ​ទាំង​ស្រុក ក៏​ត្រឡប់​ថា​ឯង​ឆ្កួត​វិញ អើ​មីង មារ យាយ​តា ទាំង​អស់​គ្នា​ទៅ​ជឿ​អា​ដែង ៤ នាក់​នោះ​ទុក​ជា​គ្រូ ថា​លោក​ធុតង្គ​រុក្ខមូល​វិសេស​ណាស់ ឥឡូវ​គ្រឿង​ប្រដាប់​ដែល​តាំង​ពិធី​ព្លីការ​នោះ លោក​ធុតង្គ​ទោះ​បន្លុង​ឆាក​យក​ទៅ​អស់​ហើយ ថា​ហើយ​ចៅ​សេក​ក៏​ដើរ​ដម្រង់​ទៅ​ផ្ទះ​ទៅ ។

ឯ​បណ្ដា​អ្នក​ស្រុក​បាន​ឮ​ចៅ​សេក​ថា​ដូច្នោះ​ហើយ ខ្លះ​ក៏​សង្ស័យ​ថា​ក្រែង​ពិត​ដូច​ពាក្យ​ចៅ​សេក​ថា​ឬ ? ទើប​នាំ​គ្នា​ទៅ​ឯ​រោង​ពិធី ស្រាប់​តែ​ឃើញ​ស្ងាត់​ឈឹង​សូន្យ ក៏​ចូល​ទៅ​ក្នុង​យល់​របស់​ទ្រព្យ​ខ្លួន​វិនាស​អស់​ទៅ​ដោយ​ដៃ​មនុស្ស​ចង្រៃ​ទាំង​ ៤ នាក់​ដូច្នោះ​ហើយ ទើប​នាំ​គ្នា​មក​កាន់​ផ្ទះ រៀង​ ៗ ខ្លួន​វិញ កើត​វិប្បដិសារី​រលឹក​ទោស​ខ្លួន​ឃើញ​ថា​ជា​មនុស្ស​ឥត​បញ្ញា ឆ្កួត​អស់​ទាំង​ស្រុក គ្មាន​អ្នក​ណា​ជា​សោះ ចៅ​សេក​គ្នា​ជា​សោះ ទៅ​ថា​គ្នា​ឆ្កួត ឱ ! ពុទ្ធោ អរហំ ក្បាល​អាំង​កន្ទុយ​ស្ងោរ អាចម៌​កណ្ដុរ​កន្លះ​កញ្ឆេ ។

និទាន​ពី​រឿង​តា​សួស​អស់​សេចក្ដី​តែ​ប៉ុណ្ណេះ, ចាប់​តាំង​ពី​នេះ​ទៅ​ទៀត និយាយ​ពី​ឈ្មោះ​លោក​គ្រូ​អិកអី ៗ នេះ​កាល​ពី​ដើម​ឈ្មោះ​លោកតា​សួស ដល់​មក​រឿង​ខាង​ចុង​ទើប​គេ​ឲ្យ​ឈ្មោះ​លោក​គ្រូ​អិកអី​ទៅ​វិញ សូម​លោក​អ្នក​អាន អ្នក​ស្ដាប់​ទាំង​ឡាយ គួរ​ចូល​ចិត្ត​តាម​រឿង​ខាង​ក្រោម​ដូច​ត​ទៅ​នេះ !

តត្រាយំ វត្ថុ =

រឿង​រ៉ាវ​នេះ មាន​ក្នុង​ផ្ទៃ​នោះ​ថា​លោក​តា​សួស​នឹង​សិស្ស ៣ នាក់​នាំ​គ្នា​រត់​ចេញ​ពី​ទីនោះ​ទៅ បាន​ទៅ​ដល់​ភូមិ ១ ឆ្ងាយ​រំលង​ស្រុក ១ ស្រុក ២ ជិត​ដល់​ទៅ​ទីក្រុង តា​សួស​នៅ​យូរ ៗ ទៅ រក​វត្ថុ​អ្វី​បរិភោគ​ពុំ​សូវ​បាន ពេញ​លេញ​ដូច​ក្នុង​ពេល​មុន ទើប​បង្គាប់​កូន​សិស្ស ៣ នាក់​ថា ម្នាល​អា ៣ នាក់ ! អា​ឯង​ចូរ​ធ្វើ​តាម​ពាក្យ​អញ ទើប​បាន​វត្ថុ​ស៊ី​ចាយ​សប្បាយ​ចិត្ត​មើល​ទៅ​ពួក​យើង បើ​កាន់​តែ​ធម៌​បែប​ហ្នឹង មុខ​ជា​ស្វិត​ពោះ​ពុំ​ខាន ដូច​ពាក្យ​យើង​ថាៈ

វិន័យ​ក្រៀម​ផ្លោក តិរោក​ឆ្អែត​ពោះ វិន័យ​គ្មាន​យស ប៉ោង​ពោះ​តិរោក ។

បដិសំខា​យោនិសោ ពូត​ពម បាយ​កក​សម្ល​ផ្អូម ត្រី​ប្រា​ខ្លាញ់​ខាប់​លើក​ពម​ប្រញាប់ តតិ​យម្បិ ។

ពួក​យើង​កុំ​បាច់​គិត​អ្វី​ច្រើន គិត​តែ​ពី​ស៊ី​ដេក ៗ កុំ​ចាប់​គិត​ខ្វល់​ខ្វាយ ពួក​យើង​ថា​ម៉ាយ​រស់​ដោយ​មាន​ក្បួន អ្នក​មាន​ព្យាយាម​ប្រារព្ធ​មាំមួន បាន​ចេះ​ចាំ​ក្បួន បាន​ជា​ការ​អ្វី ? . . .

បើ​ដូច្នេះ ចូរ​ឯង​ទាំង ៣ នាក់​ធ្វើ​តាម​ពាក្យ​អញ

  • ករុណា​លោក​គ្រូ មិន​អី​ទេ . . . . .

ឯង​ទាំង ៣ នាក់ ត្រូវ​ទៅ​លប​មើល នង្គ័ល រនាស់ ក្របីគោ​គេ ដែល​គេ​យក​ទៅ​ទុក​ដាក់​នៅ​វាល​ស្រែ ឯង​ទាំង​អស់​គ្នា ចូរ​ទៅ​យក​របស់​ទាំង​នោះ យក​ទៅ​លាក់​ឲ្យ​បាត់ ឲ្យ​ឆ្ងាយ​ពី​កន្លែង​បន្តិច​ទៅ ហើយ​េង​ទាំង​អស់​គ្នា មក​ប្រាប់​អញ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​បន្តិច​ទៅ ហើយ​ឯង​ទាំង​អស់​គ្នា មក​ប្រាប់​អញ​ឲ្យ​ដឹង​សព្វ​គ្រប់​អស់​ហើយ ឯង​ដើរ​ទៅ​និយាយ​អួត អាង​ប្រាប់​អ្នក​ស្រុក​ឲ្យ​គេ​ជឿ ហើយ​គេ​មក​រក​អញ​ទាយ កាល​បើ​អញ​ទាយ​ទៅ​ត្រូវ គេ​នឹង​យក​បាយ​សម្ល​លុយ​កាក់​មក​បូជា​អញ​ហើយ យើង​ទាំង​អស់​គ្នា មុខ​ជា​បរិបូណ៌​គ្រប់​គ្រាន់ ស៊ី​ចាយ​សប្បាយ​កាយ​សប្បាយ​ចិត្ត​ពុំ​ខាន កូន​សិស្ស​តាំង​ធ្វើ​តាម​ពាក្យ​លោក​តា​សួស ឯ​អ្នក​ស្រុក​ស្រែ ខ្លះ​បាត់​នង័្គល រនាស់ ខ្លះ​បាត់​គោ ខ្លះ​បាត់​ក្របី ដល់​ឮ​ថា​លោក​តា​សួស ល្បី​ឈ្មោះ​ពូកែ​ខាង​ឯ​ទាយ ពួក​គេ​ទាំង​នោះ ចូល​មក​រក​លោក​តា​សួស​ឲ្យ​ទំនាយ​ឲ្យ​តាម​របស់​រៀង ៗ ខ្លួន

ឯ​តា​សួស​ក៏​ចាប់​យក​ដី​ស នឹង​ក្ដារ​ឈ្នួន មក​គូស​ឈ្នួន មក​គូស​ខ្វែង​ចុះ ខ្វែង​ឡើង​រួច​ហើយ ទើប​រាប់​លេខ​ថា៖

ប៉ក​អិកប៉ក​អី ជើង​ក្ដាម​ប្រាំ​បី

ចេក​ដុត​ដំឡូង​ស្ងោរ . . .

អត្ត​ខ្លួន​ប្រាណ ទៅ​ណា​មិន​បាន

អត្ត​ខ្លួន​ប្រាណ ទៅ​ណា​មិន​បាន

នៅ​ក្នុង​ទី​នោះ . . . . . .

អត្ត​ខ្លួន​អាត្មា ពុំ​បាត់​ទៅ​ណា

នឹង​រក​ឃើញ​វិញ . . . .

ទើប​ទំនាយ​ថាៈ ញោម​គោ​នឹង​ក្របី​ញោម​ឯង​រក​មើល​ក្នុង​ព្រៃ​ថ្លុក​ត្រពាំង​ខាង​ឡិច​ស្រែ ឃើញ​ហើយ​មិន​បាត់​ទេ ឯ​នង័្គល​នឹង​រនាស់ នៅ​ក្នុង​ត្រពាំង​ទឹក​នោះ​ដែរ ចុះ​រាវ​រក​មើល​ក្នុង​ទឹក​ទៅ​ឃើញ​ហើយ ។

ពួក​គេ​ទាំង​អស់ ក៏​ទៅ​រក​មើល​តាម​ពាក្យ​លោក​តា​សួស ក៏​ឃើញ​ពិត​ប្រាកដ​មែន គេ​ក៏​ជឿ​តាម​ស្លុង​ចិត្ត​គំនិត​ទាំង​អស់​គ្នា ឯ​កូន​សិស្ស ៣ នាក់ តាំង​ពី​ថ្ងៃ​នោះ​មក ចេះ​តែ​ដើរ​ស្វែង​រក​លប​លួច​លាក់​ទ្រព្យ​របស់​អ្នក​ស្រុក ឲ្យ​គេ​មក​រក​លោកតា​សួស ឯ​តា​សួស​ចេះ​តែ​ទំនាយ​ទៅ​ត្រូវ​ចំ​ទាំង​អស់​ឥត​មាន​ខុស ឈ្មោះ​លោកតា​សួស​ក៏​ល្បី​ឮ​សុស​សាយ​ពេញ​ទាំង​ស្រុក កាល​ថ្ងៃ ១ នោះ ពួក​អ្នក​ស្រុក​គេ​ចង់​ដឹង​វិជ្ជាការ​លោកតា​សួស គេ​គិត​គ្នា​មក​រក​លោក​ឲ្យ​ទំនាយ​ឲ្យ ថា​ថ្ងៃ​ស្ងែក​នេះ ភ្លៀង​ឬ​មិន​ភ្លៀង គេ​ចង់​ដឹង​គេ​សាក​លង​មើល ទើប​ចូល​មក​រក​តា​សួស​ឲ្យ​ទំនាយ​ឲ្យ ឯ​តា​សួស​កាល​បើ​អ្នក​ស្រុក​មក​រក​ឲ្យ​ទំនាយ​ពី​ភ្លៀង​មិន​ភ្លៀង​ដូច្នោះ ក៏​ទាល់​គំនិត​គិត​មិន​លេច ទើប​ប្រកែក​ថា ណ្ហើយ​ញោម​ពេល​នេះ​អាត្មា ហាក់​ដូច​ជា​ពុំ​ស្រួល​កាយ​សប្បាយ​ចិត្ត​សោះ ចាំ​ពេល​ក្រោយ​សិន ម្យ៉ាង​ទៀត​ការ​ទំនាយ​ពី​ភ្លៀង​មិន​ភ្លៀង​នេះ ជា​ការ​លំបាក​ណាស់ លុះ​ណា​តែ​គិត​ជញ្ជឹង​តាម​លេខ​នេះ​សា​ចុះ​សា​ឡើង ចំនួន ១ យប់ ទើប​អាត្មា​ហ៊ាន​ទាយ​ទៅ​ប្រហែល​ជា​ត្រូវ​ខ្លះ បើ​ដូច្នោះ ចូរ​ញាតិ​ញោម​ទាំង​អស់​គ្នា​អញ្ជើញ​ទៅ​ផ្ទះ​សិន​ចុះ ចាំ​ថ្ងៃ​ក្រោយ ។ ពួក​អ្នក​ស្រុក​ក៏​ធ្វើ​តាម​ពុំ​ហ៊ាន​រឹង​ទទឹង​ឡើយ ។

ឯ​តា​សួស​នឹង​សិស្ស ៣ នាក់​អង្គុយ​ជុំ​គ្នា​ស៊ី​ផឹក​ពុំ​បាន​សប្បាយ​ដូច​ពេល​មុន​ឡើយ ព្រោះ​កើត​ទុក្ខ ជំនុំ​ជម្រះ​គ្នា​ពី​ទំនាយ​ភ្លៀង​ឬ​មិន​ភ្លៀង​អ្នក​ទាំង ៤ ក៏​ទាល់​គំនិត​គិត​មិន​លេច មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ កើត​ចិត្ត​ក្ដៅ​ក្រហាយ ទើប​នាំ​គ្នា​រត់​ចេញ​ទៅ​ទាំង​យប់ ពេល​ដែល​លប​រត់​ចេញ​ទៅ​នោះ​គ្រាន់​តែ​ដើរ​ទេ តែ​ដើរ​បែប​លឿន​រហ័ស ព្រោះ​ភិត​ភ័យ​តែ​រៀង ៗ ខ្លួន ។ ចួន​ជា​ពេល​នោះ ពួក​អ្នក​ស្រុក​ផ្អើល​ឆោឡោ​នឹង​ពួក​ចោរ​ព្រៃ វា​ចូល​មក​ប្លន់​អ្នក​ស្រុក​យក​គោ​ក្របី ឯ​តា​សួស​នឹង​សិស្ស ៣ នាក់​ឮ​សូរ​ស័ព្ទ​​ខ្លាំង

ដូច្នោះ រឹង​រិត​តែ​ភ័យ​ខ្លាំង​ឡើង ឯ​សិស្ស ៣ នាក់​រត់​ប្រាយ​ទៅ​ចោល​តា​សួស ៗ រត់​ទៅ​តាម​ក្រោយ​ពុំ​សូវ​លឿន ព្រោះ​ខ្លួន​ចាស់​ជរា​ដួល​ច្រងាប់​ច្រងិល​រត់​បន្តិច​ទៅ​ដល់​ត្រពាំង​ទឹក លោក​តា​សួស​ក៏​ទាក់​នឹង​វល្លិ​ដួល​ដេក​នៅ​ក្បែរ​ត្រពាំង​ទឹក ឯ​ត្រពាំង​ទឹក​នោះ​មាន​សត្វ​កង្កែប​ហ៊ីង វា​យំ​ឆ្លើយ​ឆ្លង​គ្នា តា​សួស​គិត​ថា អើ​អញ ប្រហែល​ជា​រួច​ខ្លួន​មើល​ទៅ ស្អែក​នេះ​ពិត​ជា​ភ្លៀង​ហើយ បាន​ជា​សត្វ​ទាំង​អស់​នេះ វា​យំ​ឆ្លើយ​ឆ្លង​គ្នា បើ​ដូច្នោះ​អញ​គិត​ត្រឡប់​ទៅ​វិញ​ទើប​ស្រែក​ប្រកូក​ហៅ​សិស្ស ៣ នាក់​ឲ្យ​ត្រឡប់​វិល​វិញ តា​សួស​នឹង​សិស្ស ៣ នាក់​នាំ​គ្នា​មក​នៅ​ទី​កន្លែង​ដើម​វិញ ពុំ​មាន​អ្នក​ណា​ដឹង​សោះ​ព្រោះ​យប់​ស្ងាត់​ណាស់ មក​ដល់​ហើយ​តា​សួស​ប្រើ​សិស្ស​ ៣ នាក់​ឲ្យ​ទៅ​ដាស់​អ្នក​ស្រុក​ទាំង​យប់​មក​កុំ​ឲ្យ​ខាន តែ​ខាន​អាច​ក្ដី​លែង​ទំនាយ​ឲ្យ​ទៀត​ហើយ​ឯ​សិស្ស ៣ នាក់​ក៏​ធ្វើ​តាម ទៅ​ហៅ​អ្នក​ស្រុក ៗ ក៏​បបួល​គ្នីគ្នា​មក​ចំនួន ២០ ៣០ នាក់ មក​អង្គុយ​និយាយ​រៀបរាប់​តាម​ហេតុ​ដើម​តា​សួស​ទាញ​ដី​ស​ក្ដារ​ឈ្នួន​មក​ខ្វែង​ចុះ​ឡើង រៀបរាប់​ដូច​ពេល​មុន​ទើប​ទំនាយ​ថា នែ​ញាតិ​ញោម ! ទាំង​អស់​គ្នា ស្អែក​នេះ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​មាន​ភ្លៀង​ធ្លាក់​ចា​ច្រើន​មេ​មក​លើ​ស្រុក​ភូមិ​ញាតិ​ញោម​បើ​រៀបចំ​របស់​អ្វី ៗ ក៏​រៀបចំ​ឲ្យ​ស្រេច​បាច់​ទៅ ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​មាន​ភ្លៀង​ធំ​ឯ​អ្នក​ស្រុក​ក៏​ជឿ​តាម​ត្រឡប់​ទៅ​ផ្ទះ​វិញ បាន​ហាម​ប្រាម​គ្នីគ្នា​អស់​ទាំង​ស្រុក​ លុះ​ថ្ងៃ​ស្អែក​ឡើង​ភ្លៀង​ក៏​ធ្លាក់​មក​មែន ដូច​ពាក្យ​លោកតា​សួស​ទាយ ឯ​អ្នក​ស្រុក​រឹង​រិត​តែ​ជឿ​ទៀត​ ជឿ​នោះ​ពុំ​ល្វាត ជឿ​អស់​ទាំង​អ្នក​ស្រុក ជឿ​នោះ​មិន​សាប់ ជឿ​នោះ​មិន​សុខ អស់​ទាំង​អ្នក​ស្រុក មក​ជឿ​មនុស្ស​ភូត ។ ឈ្មោះ​លោក​តា​សួស ក៏​ឮ​ល្បី​ល្បាញ​ដល់​ព្រះ​រាជា​ដែល​សោយ​រាជ្យ​ក្នុង​ព្រះ​នគរ ព្រះ​រាជា​ចង់​ដឹង​មន្ត​វិជ្ជា​ការ​លោក​តា​សួស​នោះ​ដែរ ។

ចួន​ជា​ពេល​នោះ ព្រះ​រាជា​បាត់​ប្រាក់​ជា​ច្រើន ប្រហែល​ជា​ពីរ​ការុង​អង្ករ ឯ​ប្រាក់​នោះ​​គឺ​អាមាត្យ​ឈ្មោះ (អា​ប្រាណ) វា​លួច​យក​ទៅ​លាក់ ព្រះ​រាជា​ទ្រង់​ចាត់​អាមាត្យ​ម្នាក់​ឲ្យ​មក​និមន្ត​លោក​តា​សួស​យក​ទៅ​ដើម្បី​ទំនាយ​ឲ្យ​ឃើញ​ប្រាក់ អាមាត្យ​បាន​និមន្ត​លោក​តា​សួស​យក​ទៅ​តាម​បង្គាប់ ដល់​ហើយ ព្រះ​រាជា​និមន្ត​លោក​តា​សួស​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ១ យ៉ាង​ស្ងាត់ ប្រគេន​ចង្ហាន់​ឆាន់​ស្រួល​បួល​ចាំ​ដល់​ពេល​ល្ងាច ទើប​និមន្ត​លោក​ឲ្យ​ទាយ ឯ​តា​សួស​មាន​សេចក្ដី​ភិត​ភ័យ​ខ្លាំង​លើស​មុន គិត​ថា​ឱ ! អញ​ស្លាប់​រស់​ក្នុង​ពេល​នេះ​ហើយ​មើល​ទៅ គិត ១ គិត ២ ក៏​នៅ​តែ​ពុំ​ទាន់​ដាច់​ស្រេច ឯ​អាមាត្យ​ម្នាក់​ឈ្មោះ​ងាប្រាណ​នោះ​វា​ដើរ​ក្រឡឹង​ចុះ​ក្រឡឹង​ឡើង​ព្រោះ​វា​ភ័យ​ខ្លាំង​ណាស់ គិត​នឹង​ចូល​មក​រក​លោក​តា​សួស​ឲ្យ​ជួយ​វា កុំ​ឲ្យ​ទាយ​ចំ​ឈ្មោះ​វា តែ​ចំ​ឈ្មោះ​អញ ៗ មុខ​ជា​ស្លាប់​ក្នុង​ពេល​នេះ​មិន​ខាន​អា​ប្រាណ​នោះ​វា​មិន​ទៅ​ណា​ឆ្កាយ​ពី​លោក​តា​សួស​សោះ ព្រោះ​វា​ប្រុង​អែប​ជើង​នឹង​តា​សួស ឯ​តា​សួស​គិត​សព្វ​គ្រប់​ទៅ​មិន​ដឹង​ជា​ទៅ​ផ្លូវ​ណា​ទើប​បញ្ចេញ​​វាចា​ថា៖

ណ្ហើយ​ចុះ អា​ខ្លួន​ប្រាណ មួយ​ប៉ុណ្ណេះ​ស្ដាយ​វា​ធ្វើ​អ្វី បើ​ស្លាប់​ក៏​ស្លាប់​ទៅ​ចុះ តាម​យថា​កម្ម​អញ ឯ​អា​ប្រាណ បាន​ឮ​ដូច្នោះ ស្លាប់​ពុំ​បាន​ត្រង់​ខ្លួន​ឮ​តែ​ត្រង់​ប្រាណ​មួយ​ម្នាក់​ប៉ុណ្ណោះ ក៏​នឹក​ស្មាន​ថា​អញ​ស្លាប់​មើល​ទៅ​ព្រោះ​លោកតា​សួស​ថា​អា​ប្រាណ​ស្លាប់​ក៏​ស្លាប់​ទៅ​ចុះ​នេះ​ពិត​ជា​ឈ្មោះ​អញ​ភ័យ​ខ្លាំង​ណាស់ ទើប​ចូល​ទៅ​ក្រាប​ក្រោម​បាទា​លោក​តា​សួស អង្វរ​ករ​ថា​កុំ​ឲ្យ​តែ​ចេញ​ឈ្មោះ​ខ្ញុំ​ករុណា​ថា​លួច​ប្រាក់ ឯ​តា​សួស​បាន​ពិត​ប្រាកដ​ថា​ឈ្មោះ​អា​ប្រាណ​លួច​យក​ប្រាក់​ទៅ ។ លុះ​ដល់​ពេល​ល្ងាច​ព្រះ​រាជា​និមន្ត​តា​សួស ៗ ក៏​ចាប់​យក​ដីស​នឹង​ក្ដារ​ឈ្នួន​ពី​ក្នុង​ថង់​យាម មក​គូស​ខ្វែង​ចុះ​ឡើង ហើយ​រាប់​តាម​លេខ​ថាៈ

ប៉ក​អិក​ប៉ក​អី ជើង​ក្ដាម​ប្រាំ​បី

ចេក​ដុត​ដំឡូង​ស្ងោរ . .​ . .

អត្ត​ខ្លួន​ប្រាណ ប្រាក់​បាត់​ពុំ​បាន

នៅ​ក្នុង​ទី​នេះ . . . .

អត្ត​ខ្លួន​ហើយ​នឹង​ប្រាណ

ទៅ​ណា​ពុំ​បាន នៅ​លើ​អា​ប្រាណ ។

ហើយ​តាសួស​សួរ​ព្រះ​រាជា​ថា៖

បពិត្រ​មហា​រាជ អាមាត្យ​ព្រះ​អង្គ​មាន​ឈ្មោះ​អា​ប្រាណ​ដែរ ឬ ទេ?

ករុណា​ម្ចាស់​មាន

  • បើ​ដូច្នោះ ព្រះ​មហា​រាជ​គ្មាន​ទៅ​ណា​ទេ មុខ​ជា​ឈ្មោះ​អា​ប្រាណ​លួច​យក​ទៅ ព្រះ​រាជា​ឮ​ហើយ បាន​ឲ្យ​ពេជ្ឈឃាត​នាំ​យក​ប្រាណ​ទៅ​សម្លាប់​ចោល​ទៅ ។ ទ្រង់​ពោល​សរសើរ​លោកតា​សួស​ចេះ​ទាយ​ពូកែ​មែន ទើបព្រះ​រាជា​​ទ្រង់​​​ប្រគេន​ប្រាក់​មួយ​ការុង ទៅ​លោក​តាសួស ។

ព្រះ​រាជា​សួរ​ទៀត​ថា៖

ចុះ​លេខ​ទាយ​ព្រះ​គុណ​ម្ចាស់​រាប់​ថា​ប៉ក​អិក​ប៉ក​អី​ដូច្នេះ​មែន​ឬ ?

ថ្វាយ​ព្រះ​ពរ​លេខ​អាត្មាភាព​យ៉ាង​ហ្នឹង​មែន

បើ​យ៉ាង​ហ្នឹង​មែន ព្រះ​ករុណា​សូម​ថ្វាយ​ព្រះ​នាម​ដល់​ព្រះ​គុណ​ម្ចាស់ ប៉ក​អិក​ប៉ក​អី​ទៅ​វិញ ដើម្បី​ងាយ​ចំណាំ​ចាំ​បាន​ទៅ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ទៀត, មែន​ពិត​កាល​ពី​ដើម​ឈ្មោះ លោក​គ្រូ​ប៉ក​អិក​ប៉ក​អី ទេ លុះ​យូរ​មក​ទើប​ក្លាយ​​មក​គេ​ហៅ​ថា លោក​គ្រូ​អិក​អី​ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ រួច​ហើយ​លោក​គ្រូ​អិកអី​ក៏​ចំរើន​ពរ​ព្រះ​រាជា​វិល​ត្រឡប់​មក​កាន់​ទី​លំនៅ​វិញ, លុះ​នៅ​យូរ​មក​លោក​គ្រូ​អិកអី​រក​ស៊ី​ចិញ្ចឹម​ជីវិត​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ ដរាប​ដល់​ខ្លួន​លោក​ចាស់​ទ្រុឌ​ទ្រោម​គ្រាំ​គ្រា​បន្តិច​មក ក៏​គិត​ឧបាយ​មួយ​ផ្សេង​ពី​នោះ ថា​អាត្មា​អញ​បើ​រក​ស៊ី​ចិញ្ចឹម​ជីវិត​បែប​នេះ មុខ​ជា​មហន្តរាយ​ណា​មួយ​មក​នាំ​ខ្លួន​អាត្មា​អញ​ទៅ​ឲ្យ​សោយ​សេចក្ដី​ទុក្ខ​​លំបាក​មិន​ខាន ណ្ហើយ​​បើ​ដូច្នេះ​អាត្មា​អញ​តាំង​ចិត្ត​ផ្ដាច់​បង់​នូវ​អំពើ​ជា​អកុសល​ទាំង​នេះ​ចេញ កិរិយា​បែប​នេះ​មុខ​ជា​ពុំ​បាន​សុខ​ទេ​ធម្មតា​អ្នក​ដើរ​ភូតភរ​កុហក​គេ មិន​ដែល​បាន​សុខ​ចំរើន​ទេ ពិត​ប្រាកដ​ជា​ប៉ះ​ពា​ទៅ​លើ​ទុក្ខ​ណា​មួយ​មាន​ប៉ះ​ចំ​ទៅ​លើ​សេចក្ដី​ទុក្ខ​លំបាក ស្ទើរ​តែ​ស្លាប់​ក៏​សឹង​មាន​ដែរ សម​ដូច​ពាក្យ​បូរាណ លោក​ពោល​ថា៖ លួច​គេ​វា​គ្រាន់ តែ​គេ​ទាន់​មុខ​ជា​ក្រែល . . .

ពេល​ខាង​ក្រោយ​មក លោក​គ្រូ​អិក​អី បាន​ឮ​ពួក​ក្មេង​អ្នក​ស្រុក​វា​បបួល​គ្នា​ច្រៀង​លេង​ថា ៖

ពុំ​ភួង​ដួង​មីលាន់ លួច​គេ​វា​គ្រាន់

តែ​គេ​ទាន់​វា​ក្រែល . . . . . .

ពុំ​ភួង​ដួង​មីលាន់ ភូត​គេ​វា​គ្រាន់

គេ​ដេញ​ទាន់​វា​ក្រែល . . .

ពុំ​ភួង​ដួង​មីលាប់ បើ​ភូត​ពុំ​គាប់

វិនាស​ខ្លួន​ប្រាណ . . . . . .

លោក​គ្រូ​អិកអី ឮ ពាក្យ​នោះ​ហើយ មាន​ចិត្ត​ត្រេក​អរ​បន្តិច ទោមនស្ស​បន្តិច គិត​ទៅ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ រួច​ហើយ​បែរ​ទៅ​ជា​យំ​សោក យំ​សោក​រួច​ហើយ​បែរ​ទៅ​ជា​សើច​សប្បាយ​តែ​ម្នាក់​ឯង​ទៅ​វិញ ពេល​ដែល​សើច​សប្បាយ ព្រោះ​នឹក​ឃើញ​ថា បើ​អញ​ភូត​គេ​ទៅ​ជួន​ជា​ពុំ​គាប់ មុខ​ជា​ជាប់​ទោស​ទាំង​ក្នុង​លោក​នេះ នឹង​លោក​ខាង​មុខ ទោស​ធ្ងន់​ណាស់ ! ហើយ​ខ្លួន​អញ​ជា​សង្ឃ​ផង​ពុំ​គួរ​សោះ ! ! លោក​គ្រូ​អិកអី គិត​ឃើញ​ដូច្នោះ ក៏​លះ​បង់​អំពើ​ភូត​ភរ​ចេញ​តាំង​ពី​ពេល​​នោះ​មក​ព្រម​ទាំង​កូន​សិស្ស ៣ នាក់ ក៏​ធ្វើ​ដូច​គ្នា ចិញ្ចឹម​ជីវិត​តាម​សម្មាជីវភាព​រៀង ៗ ខ្លួន រហូត​មក ។ រឿង​រ៉ាវ​នេះ អស់​សេចក្ដី​តែ​ប៉ុណ្ណេះ​ឯង ។

កវី សុខ – បឿ

រៀបរៀង